សារព័ត៌មានរបស់ប្រទេសជប៉ុន NHK WORLD-JAPAN បានចុះផ្សាយថា ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលដំបូងក្នុងតំបន់អាស៊ីដែលបានដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល កាលពីខែតុលា ឆ្នាំ២០២០។ យន្តការនេះរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកនៅតំបន់ជនបទ។

សារព័ត៌មានខាងលើ បានផលិតវីដេអូចុះផ្សាយពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្នុងនោះបានភ្ជាប់ជាមួយខ្លឹមសារដូច្នេះ៖ «នៅខែតុលា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានក្លាយជាធនាគារកណ្តាលដំបូងគេនៅអាស៊ីដែលដាក់ឱ្យដំណើរការរូបិយប័ណ្ណឌីជីថល។ ជាមួយនឹងប្រាក់ដុល្លារអាមេរិកតំណាងឱ្យ ៩០% នៃសាច់ប្រាក់ដែលកំពុងចរាចរនៅក្នុងប្រទេស ធនាគារបានសម្រេចចិត្តលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកតាមរយៈបច្ចេកវិទ្យា។ បីឆ្នាំក្រោយមក ការទូទាត់តាមឌីជីថល គឺជាការមើលឃើញទូទៅនៅក្នុងតំបន់ទីក្រុង ដែលជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់សេដ្ឋកិច្ចដែលផ្តោតលើសាច់ប្រាក់។ ឥឡូវនេះ ធនាគារបានបង្វែរទិសដៅរបស់ខ្លួនមកកាន់ជនបទម្ដង។ តើការផ្លាស់ប្តូរនឹងមានន័យយ៉ាងណាសម្រាប់ជីវិតអ្នកស្រុកជនបទ?»
សូមទស្សនាវីដេអូចុះផ្សាយពីធនាគារជាតិនៃកម្ពុជា សារព័ត៌មាន NHK WORLD-JAPAN តាមរយៈលីងនេះ៖ www3.nhk.or.jp៕
អត្ថបទ៖ លីនី
ប្រភព៖ NHK