រយៈពេល ៤ខែនៃឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានជាង ២៦លានដុល្លារ
សេដ្ឋកិច្ច May 19, 2023 Khmernote

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារបានកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់ រយៈពេល ៤ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ។

នៅក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបាន ១០៨.៥៧ប៊ីលានរៀល ប្រមាណជា ២៦.៨១លានដុល្លារ សម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្ត នៅដើមឆ្នាំ២០២២មក។ ជាមួយគ្នានេះ គិតចាប់ពីការចាប់ផ្ដើមអនុវត្តនៅខែមេសា ឆ្នាំ២០២២ មក មានក្រុមហ៊ុនក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) សរុបចំនួន៦៩ បានមកចុះបញ្ជីនិង បំពេញកាតព្វកិច្ចសារពើពន្ធ ក្នុងនោះក៏រួមមានផងដែរនូវក្រុមហ៊ុនអន្តរជាតិធំៗ ដូចជា៖ ក្រុមហ៊ុន Microsoft, Google, Facebook (Meta), Apple, Netflix, Amazon, និង Tik Tok៕