សម្ដេចតេជោ ហ៊ុន សែន៖ «បច្ចុប្បន្នកម្ពុជាខ្ចីថវិកាពីបរទេសប្រចាំឆ្នាំ តិចជាង២០ភាគរយនៃថវិកាជាតិសរុប»
សេដ្ឋកិច្ច March 20, 2023 Khmernote

នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ (២០២៣-២០២៧)។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្នការខ្ចីថវិកាពីក្រៅប្រទេសប្រចាំឆ្នាំរបស់កម្ពុជា មានទំហំមិនស្មើនឹង ២០ភាគរយ នៃថវិកាជាតិសរុបនោះឡើយ ដែលនេះជាលទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស។

លើសពីនេះ សម្តេចតេជោបានរំឭកផងដែរថា នៅក្នុងអតីតកាល៣០ឆ្នាំមុន ចំណូលក្នុងស្រុករបស់កម្ពុជាដែលរកបានដោយខ្លួនឯង មានត្រឹមប្រមាណ១ភាគ៣នៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណ២ភាគ៣នៃថវិកាជាតិត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។ នេះគឺជាលទ្ធផលជាក់ស្ដែងដែលកម្ពុជាសម្រេចបានស្របតាមគោលជំហរដឹកនាំ ដែលសម្តេចធ្លាប់បានប្រកាសជាសាធារណៈនាពេលកន្លងទៅ គឺ «កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់»៕