ម្ចាស់ជ័យលាភីឈ្នះឡានស្ព័រថ្មី ពីប៊ូសស្ត្រង ថាឈរបីបានយូរម៉ោង ដោយសារតែបទពិសោធន៍បីកូនរាល់ថ្ងៃ
Boostrong March 9, 2023 Naren

(ភ្នំពេញ)៖ ជាការភ្ញាក់ផ្អើលមួយដោយ Boostrong នាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកដើម្បីចូលរួមអបអរសាទរក្នុងទិវាសិទ្ធនារី ដោយបង្កើតនូវកម្មវិធី បីស្រី្តយកឡាន ដែលប្រព្រឹត្តឡើងនៅកោះពេជ្រ កាលពីម្សិលមិញនេះ។

បន្ទាប់ពីអស់រយៈពេលជាច្រើនម៉ោង កម្មវិធី បីស្រី្តយកឡាន បានរកឃើញជ័យលាភី ដែលមានឈ្មោះ លោក យិន សំអុល បានបីភរិយាឈ្មោះ សួន កល្យាណី រយៈពេល៨ម៉ោង បីភរិយាបានយូរជាងគេពោរពេញដោយការអត់ធ្មត់ មិនងាយមានអ្នកអាចធ្វើបានក្នុងព្រឹត្តិការណ៍មួយនេះ។

យោងតាមវីដេអូសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក យិន សំអុល បានបង្ហាញពីអារម្មណ៍រំភើប និងលើកឡើងថា ការដែលចូលរួមនេះមិនមានអ្វីគួរឱ្យខ្មាសអៀនឡើយ ព្រោះវាជាការបង្ហាញក្តីស្រលាញ់ចំពោះភរិយា និងបានឈ្នះរង្វាន់ធំ។ មានការសាកសួរថា លោកជាកីឡាករ ឬយ៉ាងណា លោក យិន សំអុល ក៏បានឆ្លើយតបថា លោកមិនមែនជាកីឡាករ ហាត់យកសាច់ដុំអាជីពអ្វីឡើយ តាមបទពិសោធន៍ដោយសារតែបីកូនជាប្រចាំ រហូតដល់អាយុមួយខួប។

សព្វថ្ងៃ លោក យិន សំអុល បម្រើការនៅរដ្ឋបាលខណ្ឌទូលគោក ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍។ ចំណែកភរិយា ឈ្មោះ សួន កល្យាណី បម្រើការនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៕