រយៈពេល៨ខែក្នុងឆ្នាំ២០២២ អ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជា មានជាង១លាននាក់ កើនឡើងជិត៦០០%
សេដ្ឋកិច្ច September 19, 2022 Naren

(ភ្នំពេញ)៖ យោងតាមរបាយការណ៍អាកាសចរស៊ីវិល បានឱ្យដឹងថានៅក្នុងឆ្នាំ២០២២ គិតត្រឹមខែសីហា ពិនិត្យឃើញថាមានការតភ្ជាប់ក្រុមហ៊ុនអាកាសចរឡើងវិញចំនួន២៥ក្រុមហ៊ុន នៅក្នុងនោះតាមការពិនិត្យឃើញថា មានការកើនឡើងអ្នកដំណើរជាលំដាប់ពីមួយខែទៅមួយខែ។ ការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ)នេះជាសញ្ញាមួយដែលបង្ហាញថា កម្ពុជាកំពុងត្រឡប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗហើយ៖

១. ចរាចរណ៍នៃអ្នកដំណើរតាមផ្លូវអាកាស គិតមកដល់បំណាច់ខែសីហា ឆ្នាំ២០២២ (រយៈពេល៨ខែ គិតពីខែមករា ដល់ខែសីហា ឆ្នាំ២០២២)នេះ មានចំនួន ១,១៣៣,៩០៥នាក់ កើនឡើង២៤% ធៀបនឹងខែកក្កដា ឆ្នាំ២០២២ និងកើនឡើងជិត៦០០% បើធៀបនឹងរយៈពេល៨ខែដូចគ្នា កាលពីឆ្នាំ២០២១ នៅតែធ្លាក់ចុះ ៧៦%នៅឡើយ បើធៀបនឹងរយៈពេល៨ខែដូចគ្នាក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំមូលដ្ឋានមុនកើតជំងឺកូវីដ១៩។
២. ចរាចរណ៍យន្តហោះ (ចំនួនការចុះចត និងការហោះឡើង) មានចំនួន ១៥,៥២១ជើង គិតមកដល់បំណាច់ខែសីហា ឆ្នាំ២០២២ (រយៈពេល៨ខែ គិតពីខែមករា ដល់ខែសីហា ឆ្នាំ២០២២) មានការកើនឡើង៦៦% បើធៀបនឹងខែកក្កដា ឆ្នាំ២០២២ នឹងមានការកើនឡើងជាង១២៣%បើធៀបនឹងរយៈពេល៨ខែដូចគ្នាកាលពីឆ្នាំ២០២១ តែបើធៀបទៅនឹងរយៈពេល៨ខែដូចគ្នាក្នុងឆ្នាំ២០១៩ គឺធ្លាក់ចុះ ៧៨%។ ប្រភពបានបន្តថា មានការសិក្សាស្រាវជ្រាវ និងទស្សទាយថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ នឹងទទួលបានចំនួនធ្វើដំណើរតាមជើងយន្តហោះស្មើនឹងឆ្នាំ២០១៩៕