JSCCIB របស់ថៃ ព្យាករណ៍ថាចំនួនអ្នកគ្មានការងារធ្វើក្នុងប្រទេសថៃនឹងឡើងដល់ ៧ លាននាក់នៅត្រឹមខែមិថុនា
សេដ្ឋកិច្ច April 9, 2020 Chan Sreyny

ថៃ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ពាណិជ្ជកម្មរួមឧស្សាហកម្ម និងធនាគារ (JSCCIB) បានព្យាករណ៍ថា កម្មករចំនួន ៧ លាននាក់នឹងគ្មានការងារធ្វើនៅត្រឹមមិថុនាដោយសារតែវិធានការបិទទ្វារដើម្បីទប់បទល់នឹងពីជំងឺរាតត្បាតដែលបង្កឡើងដោយវីរុសកូរ៉ូណា។ ប្រភពដដែលបានបន្តថា ការបញ្ឈប់ការងារភាគច្រើននឹងប៉ះពាល់ដល់កម្មករដែលមានប្រាក់ខែទាប ដោយកម្មករ ៦ លាននាក់ក្នុងចំណោម ៧ លាននាក់ដែលបាត់បង់ការងារនោះ គឺសុទ្ធតែកម្មករដែលទទួលបានប្រាក់ចំណូលតិចជាង ២ ម៉ឺនបាតក្នុងមួយខែ។

តាមការព្យាករណ៍ដដែលនោះ បុគ្គលិកនៅក្នុងវិស័យលក់រាយ និងផ្សារទំនើបចំនួន ៤.២ លាននាក់នឹងបាត់បង់ការងារ ខណៈដែលក្នុងវិស័យសំណង់មានចំនួន ១ លាននាក់ វិស័យសណ្ឋាគារ ៩៧៨,០០០ នាក់។ បន្ថែមពីនេះបុគ្កលិកដែលបម្រើការងារនៅក្នុងភោជនីយដ្ឋានមានចំនួន ២៥០,០០០នាក់ ផ្នែកស្ប៉ានិងម៉ាស្សា ២០០,០០០ នាក់ និងនិងកម្មកររោងចក្រចំនួន ២០០,០០០ នាក់។ ទន្ទឹមនឹងនេះដែរ JSCCIB នៅតែវាយតម្លៃពីផលប៉ះពាល់នៃការផ្ទុះឡើងលើការងារនៅក្នុងវិស័យរថយន្ត និងគ្រឿងអេឡិចត្រូនិចក៏ដូចជានៅតាមហាងលក់ទំនិញ ដោយទីផ្សារការងាររបស់ប្រទេសថៃផ្តល់ការងារដល់កម្មករប្រមាណ ៣៨ លាននាក់។

លោក Supant បានមានប្រសាសន៍ថា ទោះបីការផ្ទុះឡើងនៃជំងឺនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆមាសទីមួយនៃឆ្នាំ២០២០ ក៏ដោយក៏សេដ្ឋកិច្ចត្រូវការពេលវេលាដើម្បីស្តារឡើងវិញ។ ជាក់ស្ដែង JSCCIB កំពុងរក្សាការព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនដោយសម្រេចចិត្តរង់ចាំ និងមើលអំពីផលប៉ះពាល់នៃកញ្ចប់ជំរុញសេដ្ឋកិច្ចចំនួន ១.៩ ទ្រីលានបាតរបស់រដ្ឋាភិបាល ដោយគណៈកម្មាធិការនេះបានព្យាករណ៍ពីការធ្លាក់ចុះនៃការនាំចេញ ២% និងអតិផរណា ០.៨ ទៅ ១.២% តែបានរក្សាបាននូវការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី