សិង្ហបុរីគ្រោងនឹងបង្កើនផលិតកម្មស្បៀងអាហារក្នុងស្រុក ខណៈដែលជំងឺរាតត្បាតកូវីដ១៩នេះ បានរំខានដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក
សេដ្ឋកិច្ច April 9, 2020 Chan Sreyny

រដ្ឋាភិបាលសិង្ហបុរីនាថ្ងៃទី៨ ខែមេសា បានប្រកាសពីវិធានការណ៍ថ្មីៗក្នុងការបង្កើនផលិតកម្មស្បៀងអាហារក្នុងស្រុក ខណៈដែលជំងឺរាតត្បាតកូវីដ១៩នេះ បានរំខានដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក។ បច្ចុប្បន្នរដ្ឋមួយនេះផលិតបានតែប្រមាណ ១០% នៃតម្រូវការស្បៀងអាហារប៉ុណ្ណោះប៉ុន្តែនាពេលបច្ចុប្បន្នកំពុងមានផែនការបង្កើននៅពេលដែលការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជនគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។

មួយវិញទៀតការរឹតត្បិត​លើចលនាប្រជាជនដោយការរីករាលដាលនៃវីរុស Covid-19 នេះ នៅជុំវិញពិភពលោកកំពុងធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់ចង្វាក់កសិកម្ម និងចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ ហើយបង្កើនការព្រួយបារម្ភអំពីកង្វះខាត និងការកើនឡើងតម្លៃ។ អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ផលិតកម្មស្បៀងអាហារក្នុងស្រុកគឺមានសារៈសំខាន់ណាស់ ហើយវាជាផ្នែមួយនៃយុទ្ធសាស្ត្ររបស់ប្រទេសសិង្ហបុរីក្នុងការធានាសន្តិសុខស្បៀង ជាពិសេសកាត់បន្ថយការពឹងផ្អែកលើការនាំចូលរបស់ប្រទេសនេះ។

យ៉ាងណាមិញកសិករ និងរដ្ឋាភិបាលបាននិងកំពុងរិះរកវិធីដើម្បីជំនះការខ្វះខាតដីនៅប្រទេសសឹង្ហបុរីដែលមានតែ ១% នៃផ្ទៃដី ៧២៤ គីឡូម៉ែត្រក្រឡារបស់ខ្លួនដែលផ្តោតលើកសិកម្ម និងថ្លៃដើមផលិតកម្មខ្ពស់ជាងតំបន់អាស៊ីអាគ្នេយ៍។ ហើយឆ្លើយតបនឹងវិបត្តិនេះអាជ្ញាធរមានគោលបំណងជំរុញផលិតកម្មក្នុងស្រុកក្នុងរយៈពេល ៦ ខែទៅ ២ ឆ្នាំខាងមុខ។​

បន្ថែមពីនេះ សិង្ហបុរីនឹងរួមបញ្ចូលទាំងការផ្តល់ជំនួយចំនួន ៣០ លានសិង្ហបុរី (២១ លានដុល្លារ) ដើម្បីគាំទ្រដល់ការផលិត ស៊ុត បន្លែបៃតង និងត្រីក្នុងរយៈពេលដ៏ខ្លីបំផុត និងកំណត់កន្លែងកសិកម្មជំនួសដូចជាតំបន់ឧស្សាហកម្ម និងកន្លែងទំនេរ។ ក្នុងនោះផ្នែកមួយនៃគម្រោងទីភ្នាក់ងារស្បៀងអាហាររបស់ប្រទេសសឹង្ហបុរីនឹងបើកការដេញថ្លៃកសិដ្ឋាននៅលើដំបូលនៅលើចំណតរថយន្ត ផ្ទះ សាធារណៈសម្រាប់ធ្វើកសិកម្មតាមទីក្រុងនៅខែក្រោយនេះ៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី