ធនាគារជាតិនៃកម្ពុជាអំពាវនាវដល់ប្រជាជនទាំងអស់ឱ្យគាំទ្រ និងប្រើប្រាស់រូបិយប័ណ្ណជាតិ «ប្រាក់រៀល​» ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃវីរុសកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ
ហិរញ្ញវត្ថុ April 6, 2020 Chan Sreyny

ធនាគារជាតិនៃកម្ពុជាអំពាវនាវដល់សាធារណជនមេត្តាគាំទ្រនិងប្រើប្រាស់រូបិយប័ណ្ណជាតិ «រៀល» ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាពនូវផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ។ ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺនេះតាមបណ្តាធនាគារកណ្តាលនៅជុំវិញពិភពលោកបានទម្លាក់អត្រាការប្រាក់កម្ចីយ៉ាងខ្លាំងដើម្បីជួយដល់អាជីវកម្ម និងប្រជាជនឱ្យជម្នះនូវការលំបាកផ្នែកសេដ្ឋកិច្ច។

ការបក់បោកយ៉ាងខ្លាំងបណ្តាលឱ្យរោងចក្រ និងសហគ្រាសជាច្រើនបានបិទទ្វារជាបណ្តោះអាសន្នហើយកម្មកររាប់ពាន់នាក់ត្រូវអត់ការងារធ្វើជាបណ្តោះអាសន្នដូចគ្នា ប៉ុន្តែធនាគារពាណិជ្ជក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនបានបន្ទាបអត្រាការប្រាក់កម្ចីឡើយ។ ទាក់ទងនឹងបញ្ហានេះធនាគារជាតិនៃកម្ពុជាបានពន្យល់ថា តាមការជាក់ស្តែងប្រាក់សន្សំរបស់ធនាគារក្នុងស្រុកភាគច្រើនគិតជាដុល្លារអាមេរិក ជាហេតុអត្រាការប្រាក់កម្ចីរបស់កម្ពុជានៅតែខ្ពស់ក្នុងការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី (Covid-19)។

លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ស្ថានភាពអត្រាការប្រាក់កម្ចីក្នុងស្រុកបច្ចុប្បន្នឆ្លុះបញ្ចាំងពីការផ្គត់ផ្គង់ និងតម្រូវការប្រាក់ដុល្លារអាមេរិក រួមទាំងរូបិយប័ណ្ណកម្ពុជានៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា។ កាលពីពេលថ្មីៗនេះលោកជំទាវ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ប្រាក់បញ្ញើក្នុងស្រុកភាគច្រើននៅកម្ពុជាបច្ចុប្បន្នជារូបិយប័ណ្ណបរទេស (ភាគច្រើនជាដុល្លារអាមេរិក) ហើយរូបិយប័ណ្ណជាតិរបស់កម្ពុជាមានត្រឹមតែ ៦.៤% ប៉ុណ្ណោះ។

ដូច្នេះដើម្បីទាក់ទាញ និងបង្កើនតំរូវការរូបិយប័ណ្ណជាតិរៀល ស្ថាប័នហិរញ្ញវត្ថុចាំបាច់ត្រូវបង់អត្រាការប្រាក់ខ្ពស់ជាងមុន ដើម្បីទាក់ទាញអតិថិជនឲ្យជ្រើសរើសការដាក់ប្រាក់រៀលដែលធ្វើឱ្យអត្រាការប្រាក់កម្ចីប្រាក់រៀលឡើងខ្ពស់ជាងប្រាក់កម្ចីដុល្លារអាមេរិក។ លោកជំទាវបានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៦ អត្រាការប្រាក់ជាមធ្យមប្រាក់កម្ចីរៀលកម្ពុជាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ២៥.៦៣% ក្នុងឆ្នាំនោះមកនៅត្រឹម ១០.៦៩%​ នាពេលបច្ចុប្បន្ន។

លោកជំទាវបានបន្តថា ធនាគារជាតិនៃកម្ពុជាក៏បានចេញសេចក្តីសម្រេចក្នុងការបង្កើនការចេញប្រាក់រៀលដើម្បីសម្រេចបាននូវលទ្ធភាពនៃការកើនឡើងនូវតម្រូវការ និងកាត់បន្ថយអត្រាការប្រាក់រួចមកហើយ ព្រោះបញ្ហានេះនឹងជះឥទ្ធិពលដល់អត្រាប្តូរប្រាក់រៀលនិងបណ្តាលឱ្យមានការធ្លាក់ចុះនៃប្រាក់រៀល។ ខណៈដែលលោកជំទាវបានទទួលស្គាល់ថានៅក្នុងវិបត្តិបច្ចុប្បន្នដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជាមិនអាចគ្រប់គ្រង និងអនុវត្តគោលនយោបាយអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពបានទេ ដោយសារដុល្លាររូបនីយកម្មខ្ពស់។

ជាមួយគ្នានេះដែរអ្នកជំនាញរូបនេះបានចង្អុលបង្ហាញថា ធនាគារកណ្តាលអាមេរិក គឺជាធនាគារកណ្តាលដែលទទួលខុសត្រូវចំពោះការចេញ និងគ្រប់គ្រងប្រាក់ដុល្លារអាមេរិក។ វានឹងអនុម័តគោលនយោបាយត្រួតពិនិត្យរូបិយវត្ថុអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហើយនឹងមិនអើពើនឹងស្ថានភាពរបស់ប្រទេសដទៃទៀតដូចជាប្រទេសកម្ពុជានោះទេ។ បន្ថែមពីនេះអត្រាការប្រាក់កម្ចីប្រាក់ដុល្លារនៅកម្ពុជាក៏ខ្ពស់ជាងនៅសហរដ្ឋអាមេរិកដែរ ព្រោះហិរញ្ញវត្ថុកម្ពុជាត្រូវពឹងផ្អែកលើធនាគារធំៗ របស់អាមេរិកក្នុងការផ្តល់មូលនិធិ។

យ៉ាងណាមិញក្នុងករណីណាក៏ដោយលោកជំទាវ បានអំពាវនាវឱ្យប្រជាជនកម្ពុជាគាំទ្រ និងប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ខ្លួនដោយផ្អែកលើផលប្រយោជន៍រយៈពេលវែងរបស់ប្រទេស។ លោកជំទាវបានមានប្រសាសន៍ថា « អ្នកខ្លះគិតថាចាយលុយដុល្លារអាមេរិកស្រួលជាង ប៉ុន្តែការចាយវាយស្រួលនៅពេលដែលស្ថានភាពសេដ្ឋកិច្ចនៅល្អ តែមិនប្រាកដថាស្រួលរហូតទេ។ ប៉ុន្តែក្នុងករណីមានវិបត្តិ យើងមិនអាចគ្រប់គ្រងសេដ្ឋកិច្ចរបស់យើងបានទាំងស្រុងឡើយ»។ លើសពីនេះលោកជំទាវបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា «ការចូលរួមចាយប្រាក់រៀល មិនមែនគ្រាន់តែជាមោទនភាពជាតិទេ តែវាជាអាវុធមួយដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងមានភាពម្ចាស់ការក្នុងគ្រាអាសន្ន»៕

ប្រភព៖ cc-times
អត្ថបទ៖ លីនី