យោងតាមគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ពីការលើកលែងពន្ធលើអចលនទ្រព្យ រយៈពេល ៤ឆ្នាំ ចំពោះសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ក្នុងនោះរួមមាន៖ សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានកាត់មកពីស្រុកស្អាង និងស្រុកស្អាង នៃខេត្តកណ្ដាល។

តាមសេចក្ដីប្រកាសព័ត៌មាននេះដែរ ម្ចាស់អចលនទ្រព្យដែលស្ថិតនៅក្នុងសង្កាត់ទាំង៤ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ នៅសាខាពន្ធដារខេត្តកណ្ដាល ឬនៅនាយកដ្ឋានពន្ធលើអចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣។
ដោយឡែកក្នុងករណីអចលនទ្រព្យក្នុងសង្កាត់ទាំង៤ នេះ បានបង់ពន្ធរួចហើយនោះ ចំនួនទឹកប្រាក់នឹងត្រូវធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ជាប់ពន្ធជាបន្តបន្ទាប់។ ប៉ុន្តែម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់រួច នៅសាខាពន្ធដារខេត្តកណ្ដាល ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់៕