ធនាគារ ជីប ម៉ុង បង្ហាញមហិច្ឆតាក្នុងការពង្រីកសាខាឲ្យបាន ២៥ ទីតាំង និងភ្នាក់ងារឲ្យបាន ៥០០ នៅទូទាំងប្រទេសក្នុងឆ្នាំនេះ
ហិរញ្ញវត្ថុ February 15, 2020 Chan Sreyny

ធនាគារជីប ម៉ុង ខម​មើ​សល ប៊ែ​ង ដែលកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានដាក់សម្ភោធដំណើរការជាផ្លូវការនៅសាខាថ្មីរបស់ខ្លួនរហូតដល់ទៅពីរទីតាំងក្នុងពេលតែមួយ ដោយផ្តោត​សំខាន់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​ប្រព័ន្ធ​បច្ចេកវិទ្យា​សុទ្ធសាធ សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេងៗ រាប់​ចាប់ពី​ការបើក​គណនី​ធនាគារ រហូតដល់​ការ​ទូរ​ទាត់​ផ្សេងៗ​ជាប្រចាំ​ថ្ងៃ​។ បន្ទាប់ពីបោះជំហានចូលក្នុងវិស័យធនាគារកាលពីឆ្នាំ២០១៨ ដោយទទួល​បាន​អាជ្ញាប័ណ្ណពីធនាគារ​ជាតិ​នៃកម្ពុជាកាលពី​ខែ​ឧសភា មកទល់ពេលនេះធានាគារជីប ម៉ុង បានបើកដំណើរការបាន ៧ សាខាដែល​​កំពុង​បម្រើសេវា​កម្ម​ជូន​អតិថិជន។

​ស្របពេល​កម្ពុជាមានការ​វិវត្តន៍​ឥតឈប់ឈរ នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​កំណើន​នៃ​ចំនួន​ប្រតិបត្តិការក៏ដូចជា​ទំហំ​ទឹកប្រាក់ នៃ​សេវា​ធនាគារ​អេឡិចត្រូនិក​ ធនាគារជីប ម៉ុង បានបង្ហាញមហិច្ឆតាក្នុងការបើកសាខាឲ្យបានចំនួន ២៥ នៅទូទាំងប្រទេស និងបង្កើតភ្នាក់ងារធនាគារឲ្យបាន ៥០០ ភ្នាក់ងារនៅក្នុងឆ្នាំ២០២០ នេះ ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ភោធជាផ្លូវការលោកឧកញ៉ា លាង ម៉េង បានលើកឡើងថា៖ « គោលដៅទី១ ក្នុងឆ្នាំ២០២០ យើងចង់ឲ្យមានសាខាធនាគារចំនួន ២៥ សាខាទូទាំងប្រទេស និងចង់មានផ្នែកភ្នាក់ងារធនាគារចំនួន ៥០០ ប៉ុន្តែយើងគិតថាអាចនឹងសម្រេចបានមិនដល់ចំនួនដែលគ្រោងទុកទាំង ៥០០ ភ្នាក់ងារក្នុងឆ្នាំនេះនោះទេ ដោយសារយើងចង់ពង្រឹងនូវគុណភាព និងចង់ឲ្យភ្នាក់ងារទាំងអស់រក្សាដើមទុនឲ្យបានច្រើន ដើម្បីផ្ដល់សេវាកម្មជូនអតិថិជនបានល្អ »។

គួរបញ្ជាក់ផងដែរថា ធនាគារជីប ម៉ុង ជាបុត្រសម្ព័ន្ធថ្មីមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុបដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ ពីជំនួញលក់ដែកអេតចាយចាស់ៗ ហើយមកទល់បច្ចុប្បន្ននេះជីបម៉ុងគ្រុប មានដៃជើងដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធសឹងតែគ្រប់វិស័យតែម្តង មិនថាដែក សំណង់ ម្ហូបអាហារ លំនៅដ្ឋានហើយថ្មីៗនេះគឺ វិស័យធនាគារ ដែលបានបើកដំណើរការនៅក្នុងឆ្នាំ២០១៨ បន្ទាប់ទទួលបានអាជ្ញាប័ណ្ណពីធនាគារ​ជាតិ​នៃកម្ពុជា ដែលតម្រូវឲ្យមានដើមទុនយ៉ាងហោចណាស់ ៧៥លាន​ដុល្លារ​អាមេរិកដើម្បី​​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទ៖ លីនី