ថៃអាចនឹងបាត់បង់តំណែងជាប្រទេសនាំចេញអង្ករធំលំដាប់ទី២ របស់ពិភពលោកនៅឆ្នាំ ២០២០នេះ
សេដ្ឋកិច្ច February 15, 2020 Chan Sreyny

ថៃ៖ ការប្រកួតប្រជែងធ្លាក់កូត គ្រោះរាំងស្ងួត និងការផ្លាស់ប្ដូរតម្រូវការទីផ្សារអាចធ្វើឲ្យប្រទេសថៃបាត់បង់តំណែងជាប្រទេសនាំចេញអង្ករធំលំដាប់ទី២ របស់ពិភពលោកនៅឆ្នាំ ២០២០នេះ។ ទន្ទឹមនឹងនេះផងដែរថៃអាចនឹងចាញ់ប្រទេសវៀតណាម ដោយសារតែតម្លៃខ្ពស់ បើប្រៀបធៀបទៅនឹងគូរប្រកួតប្រជែង រួមជាមួយអត្រា​ប្ដូរប្រាក់បរទេសដែលងាយនឹងបង្កជាហេតុ នេះបើយោងតាមលោក Charoen Laothamatas ប្រធានសមាគមនាំចេញអង្ករថៃ។

យ៉ាងណាមិញបើតាមលោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមបាននិយាយថា កត្តាហានិភ័យសំខាន់ៗសម្រាប់ទស្សនវិស័យនាំចេញអង្កររបស់ប្រទេសថៃរួមមាន ប្រាក់បាតខ្ពស់ គ្រោះរាំងស្ងួត ការកើនឡើងនៃស្តុកធំរបស់ចិន (១២០ លានតោន) និងការប្រកួតប្រជែងពីប្រទេសវៀតណាមដែលនៅតែបន្តអភិវឌ្ឍពូជស្រូវថ្មីរបស់ខ្លួន ជាពិសេសស្រូវក្រអូប និងអង្ករដំណើប។ បន្ថែមពីនេះ ប្រទេសវៀតណាមបានគ្រប់គ្រងបានល្អ ក្នុងការនាំចេញដែលមានតម្លៃទាបជាងប្រទេសថៃ និងទាញយកទីផ្សារអង្ករសំខាន់ៗដូចជាចិនហុងកុងហ្វីលីពីននិងម៉ាឡេស៊ី។

ដៅយឡែកកត្តាហានិភ័យផ្សេងទៀតរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប – វៀតណាម និងកិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលនឹងអនុញ្ញាតឲ្យប្រទេសវៀតណាមពង្រីកទីផ្សារនាំចេញ។ ប៉ុន្តែទោះបីយ៉ាងនេះក្ដីការរីករាលនៃជំងឺកូរ៉ូណា COVID-19 ត្រូវបានគេរំពឹងថានឹងធ្វើឲ្យអតិថិជន ជាពិសេសនៅក្នុងប្រទេសចិន ហុងកុង និងសិង្ហបុរីបង្កើនស្តុករបស់ពួកគេ ខណៈដែលប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងបង្កើនការនាំចូលអង្កររបស់ខ្លួនដល់ទៅ មួយលានតោន ដែលកើនឡើងពីចំនួន ៣០ ម៉ឺនតោនកាលពីឆ្នាំមុន។

គួរបញ្ចា់ផងដែរថាប្រទេសថៃបានដឹកជញ្ជូនពូជស្រូវអស់រយៈពេល ៣០ ឆ្នាំមកហើយ ហើយខ្វះការអភិវឌ្ឍពូជស្រូវដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរតម្រូវការទីផ្សារ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ នៅឆ្នាំនេះសមាគមបានកំណត់គោលដៅនាំចេញអង្ករចំនួន ៧,៥ លានតោនដែលដូចទៅនឹងគោលដៅរបស់ក្រសួងពាណិជ្ជកម្មដែលមានតម្លៃ ៤.២ ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ thethaiger
អត្ថបទ៖ លីនី