សភាអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ដោយនឹងលុបចោលពន្ធគយស្ទើរទាំងស្រុងក្នុងរយៈពេល ១០ឆ្នាំ
សេដ្ឋកិច្ច February 14, 2020 Chan Sreyny

សភាអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសប្រទេសវៀតណាម ដែលនឹងលុបចោលពន្ធគយស្ទើរទាំងស្រុងក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ ជាមួយគ្នានេះដែរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ត្រូវបានបោះឆ្នោតកាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ ដោយសមាជិកសភាសហភាពអឺរ៉ុបចំនួន ៤០១ រូបបានបោះឆ្នោតគាំទ្រ និង១៩២ រូបបានប្រឆាំង។

កិច្ចព្រមព្រៀងដែលបានឆ្លងកាត់ការចរចារអស់រយៈពេល ៨ឆ្នាំ នេះនឹងជួយដករាល់ពន្ធគយស្ទើរទាំងស្រុងរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ឆ្នាំខាងមុខរួមមាន ផលិតផលនាំចេញសំខាន់របស់អឺរ៉ុបទៅកាន់ប្រទេសវៀតណាមដូចជា គ្រឿងម៉ាស៊ីន រថយន្ត និងសារធាតុគីមី។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់វិស័យពាណិជ្ជកម្មរបស់ប្រទេសវៀតណាម ដោយឡែកសម្រាប់អាជីវកម្មនាំចេញផ្លែឈើ នឹងត្រូវបំពេញតាមស្តង់ដាខ្ពស់របស់សហភាពអឺរ៉ុប ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

ជាក់ស្ដែងកិច្ចព្រមព្រៀងនេះនឹងបើកសេវាកម្មរបស់វៀតណាមរួមទាំងទីផ្សារប្រៃសណីយ៍ ធនាគារ ដឹកជញ្ជូន និងទីផ្សារលទ្ធកម្មសាធារណៈឲ្យត្រូវតាមស្តង់ដារមួយចំនួន និងការការពារនៃសហភាពអឺរ៉ុបដូចជា អាហារ និងភេសជ្ជៈ។ ដោយក្រោមកិច្ចព្រមព្រៀងនេះវៀតណាមនឹងត្រូវបានលុបចោលពន្ធនាំចូល ៩៩% ក្នុងរយៈពេល ១០ ឆ្នាំពីសហភាពអឺរ៉ុប និងអនុវត្តលើការនាំចូលដូចគ្នាពីសហភាពអឺរ៉ុបក្នុងរយៈពេល ៧ឆ្នាំ។

ទន្ទឹមនឹងនេះសមាជិកសភាបែលហ្ស៊ិក លោក Geert Bourgeois បាននិយាយថា៖ «កិច្ចព្រមព្រៀងនេះនឹងជំរុញភាពរុងរឿងបង្កើតការងារថ្មី និងទទួលបានប្រាក់ខែខ្ពស់ កាត់បន្ថយចំណាយសម្រាប់ក្រុមហ៊ុនធំនិងតូច ហើយផ្តល់ឲ្យពួកគេនូវទីផ្សារកាន់តែប្រសើរនៅក្នុងប្រទេសវៀតណាម»។ បន្ថែមពីនេះសមាជិកសភាអឺរ៉ុបកាលពីថ្ងៃពុធក៏បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងការពារការវិនិយោគ (IPA) ដែលរួមបញ្ចូលទាំងច្បាប់ទំនើបស្តីពីការការពារការអនុវត្តន៍ច្បាប់ តាមរយៈប្រព័ន្ធតុលាការវិនិយោគថ្មី និងធានាសិទ្ធិរបស់រដ្ឋាភិបាលទាំងសងខាងដើម្បីគ្រប់គ្រងផលប្រយោជន៍ពលរដ្ឋរបស់ពួកគេផងដែរ។

ដោយយោងតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងផែនការបានឲ្យដឹងថា កិច្ចព្រមព្រៀងការពារការវិនិយោគ (IPA) គឺជាជំហានឆ្ពោះទៅមុខក្នុងការតំរង់ទិសរបស់វៀតណាមក្នុងការផ្លាស់ប្តូរពីបរិមាណទៅជាគុណភាពនៃការវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគដែលបានរៀបរាប់ដូចខាងលើ។ គួរបញ្ជាក់ផងដែរថា EVFTA គឺជាកិច្ចព្រមព្រៀងទី២ របស់សហភាពអឺរ៉ុបជាមួយបណ្ដាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី និងមួយក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដោយ EU គឺជាទីផ្សារនាំចេញធំជាងគេទី២ របស់វៀតណាមកាលពីឆ្នាំមុននៅពីក្រោយសហរដ្ឋអាមេរិកដោយមានតម្លៃ ៤១,៤៨ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ១% ក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភព៖ e.vnexpress.net
អត្ថបទ៖ លីនី