វិនិយោគិនខ្មែរដាក់ទុនវិនិយោគគម្រោងលំហែកាយ សម្រាប់អតិថិជនមានចំណូលខ្ពស់សម្រាកលំហែកាយលក្ខណៈផ្ទាល់ខ្លួន
អចលនទ្រព្យ February 4, 2020 Samrith Choung

វិនិយោគិនខ្មែរបានសម្រេចបង្កើតនូវគម្រោងលំហែកាយមួយកន្លែងនៅជាយរាជធានីភ្នំពេញ សម្រាប់អ្នកមានចំណូលខ្ពស់ក្នុងការទិញសម្រាប់លំហែកាយជាលក្ខណៈផ្ទាល់ខ្លួន ក្នុងពេលទំនេរពីការងារផ្សេង ។ គម្រោងវិនិយោគនេះមានទំហំផ្ទៃដី ប្រមាណ១០០ហិចតា នៅតំបន់ដែលសំបូរដោយធនធានធម្មជាតិ សម្រាប់លំហែកាយនៅពេលទំនេរៗ ។
យោងតាមលោក ឌិន សុមេធារឹទ្ធ ម្ចាស់គម្រោងភូមិផ្កាត្រកួន ដែលជាគម្រោងលំហែកាយមួយនៅចំងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញបានអោយដឹងថា គម្រោងនេះបានចាប់ផ្ដើមខ្លះៗហើយដោយបានធ្វើឡើងនៅលើផ្ទៃដីជាង៤ហិចតាហើយ និងមានអ្នកទេសចរមួយចំនួនបានទៅដល់រួចហើយដែរ ។លោកក៏ចង់អោយវិនិយោគិនខ្មែរដែលមានជីវភាពធូរធាសូមដាក់ទុនទិញគម្រោងភូមឋានលំហែកាយ ក្នុងភូមិផ្កាត្រកួនដើម្បីទុកសម្រាប់លំហែ ក្នុងពេលទំនេរ ដើម្បីគេចចេញពីភាពធុញថប់ក្នុងរាជធានីភ្នំពេញ ។

លោកបន្តថា គម្រោងនេះ ជាគម្រោងដីឡូត៍តែជាប្រភេទដីឡូត៍ដែលមានលក្ខណៈខុសប្លែកពីគម្រោងដីឡូត៍ផ្សេងទៀត ព្រោះទីនោះ មានគម្រោងអភិវឌ្ឍន៍រួចហើយ ដូចជាជីកបឹងសម្រាប់អោយពលរដ្ឋទិញដីនៅមាត់ទឹកសង់ជាផ្ទះជាប់មាត់ទឹកសម្រាប់លំហែ និងមានព្រែកនៅពីក្រោយផ្ទះផងដែរ ។

លោកបន្ថែមថា លោកនឹងកែប្រែតំបន់នោះ អោយក្លាយជាទីកន្លែងកម្សាន្តនិងលំហែកាយមួយដ៏ពេញនិយមនៅពេលអនាគត ជាក់ស្ដែងបច្ចុប្បន្ននេះ មានសេវាកម្មជាច្រើនដូចជាសួនច្បារ អាងហែលទឹក មានផ្សារ មានភោជនីយដ្ឋាន និងសេវាសាធារៈជាច្រើនទៀតផងដែរ ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងភូមិផ្កាត្រកួននេះ បានអោយដឹងថា គម្រោងនេះស្ថិតនៅ ភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលត្រូវបានសាងសង់ឡើងក្នុងគំនិតច្នៃប្រឌិតរបស់ ស្ថាប្បនិក និងសហគ្រិនខ្មែរ សំរាប់ជាកេរ៌្តដំណែល និងរក្សានូវរចនាបទផ្ទះខ្មែរ ជាមួយយុគសម័យទំនើប សំរាបប្រជាពលរដ្ឋខ្មែរ ជំនាន់ក្រោយ ព្រមទាំងគ្រួសារ ដែលចង់បន្សល់ទុកកេរ៌្តសំរាប់កូនចៅ និងស្នាក់នៅសំរាប់ខ្លួនឯង។

បើតាមអ្នកជំនាញអចលនទ្រព្យ លោកច្រឹក សុខនីមកាលពីពេលថ្មីៗនេះបានអោយដឹងថា ការអភិវឌ្ឍន៍អចលនទ្រព្យនៅតែមានសញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០នេះ បើទោះបីជាពិភពលោកជួបវិបត្តិនូវជំងឺបង្កឡើងដោយវីរុសកូរ៉ូណាក្ដី ។ សកម្មភាពពង្រីកដីឡូត៍ក្នុងប្រទេសកម្ពុជា នាពេលនេះ នៅតែមានសកម្មភាពខ្លាំងដដែលដោយអ្នកអភិវឌ្ឍន៍ដីឡូត៍ បាននិងកំពុងពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែឆ្ងាយពីរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត នៅតំបន់ជាយដែននិងតំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍ ៕