គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុន Prince Real Estate Group អាចសម្រេចបានគម្រោង វិនិយោគចំនួន ១០ទីតាំងនៅកម្ពុជា
អចលនទ្រព្យ January 18, 2020 Samrith Choung

ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ Prince Real Estate Group អាចសម្រេចបាននូវគម្រោងវិនិយោគចំនួន ១០ទីតាំង ដោយ ៦គម្រោងស្ថិតនៅខេត្ត ព្រះសីហនុ និង ៤គម្រោងនៅក្នុងរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១៨,៧៤ ហិកតា។

លើកឡើងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំបុគ្គលិករបស់ខ្លួន និងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០នេះ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ យើងមានគម្រោងស្ថិតក្នុងដំណាក់កាលលក់សរុបចំនួន ៨គម្រោង ស្មើនឹងខុនដូសរុបចំនួន ៥៦០០យូនីត ដែលអាចសម្រេចបាននូវគោលដៅលក់រហូតដល់ ៨៧ភាគរយ។

លើសពីនេះក្រុមហ៊ុនក៏បានទិញនូវគម្រោងអាគារ ២ធំៗ ផ្សេងទៀត បន្ថែម ដែលមានផ្ទៃក្រឡាជាង ៨ម៉ឺនម៉ែត្រការ៉េ គឺអគារពាណិជ្ជកម្មPhnom Penh Tower និងអាគារ Diamond One កោះពេជ្រ។

លោកបន្តថា ជាការកត់សំគម្គាល់ ក្នុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធនានានៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បាន ក៏អាចសម្រេចបាននូវសមិទ្ធផលថ្មីៗដូចជា ៖ ការសាងសង់នូវកន្ត្រកវិលកម្ពស់ ៨៨ម៉ែត្រ នៅក្នុងមជ្ឍមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ក្រុមហ៊ុនព្រីនស៍សូភើ ម៉ាឃីត ក៏អាចសម្រេចបាននូវគោលដៅវិនិយោគលើគម្រោងបើកផ្សារទំនើបចំនួន១០ទីតាំងក្នុងរាជធានីភ្នំពេញ រួមនិងគម្រោងសណ្ឋាគារព្រីនស៍ថាម ហូតែលនៅក្រុងព្រះសីហនុផងដែរ។

ប្រធានក្រុមប្រឹក្សាខាងលើ ក៏បានបញ្ជាក់ដែរថា ក្រៅពីការវិនិយោគ ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ក្រុមហ៊ុនក៏បានរៀបចំសកម្មភាព សប្បុរសធ៌មចំនួន ៤៣ លើកនិងបានឧបត្ថម្ភ បរិច្ចាកជាថវិការសរុប ១,៧ លានដុល្លារ ដោយសកម្មភាពមនុស្សធ៌មនេះបានផ្ដល់ប្រយោជន៍ដល់ប្រជាជនជាង ៣ម៉ឺននាក់ ក្នុងគោលបំណងផ្សព្វផ្សាយក្ដីស្រលាញ់ និងសប្បុរសធ៌មគ្រប់ទីកន្លែងនៅកម្ពុជា។ក្នុងនាមជាថ្នាក់ដឹកនាំក្រុមហ៊ុនមួយរូប លោកក៏បង្ហាញជំហរថាឆ្នាំ ២០២០នេះ ក្រុមហ៊ុននឹងបន្តធ្វើសកម្មភាពសង្គម រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើន៕