ធនាគារដ៏ធំមួយរបស់កូរ៉េ សម្រេចចិត្តទិញភាគហ៊ុន ៧០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងតម្លៃ ៦០៣ លានដុល្លារអាមេរិក និងសល់ 30% ទៀតគ្រោង ២ ឆ្នាំទៀត ទិញយកទាំងអស់
ហិរញ្ញវត្ថុ December 27, 2019 Chan Sreyny

ធនាគារ KB Kookmin ដែលជាអ្នកផ្ដល់ប្រាក់កម្ចីធំជាងគេបំផុតរបស់សាធារណៈរដ្ឋកូរ៉េបានប្រកាសកាលពីថ្ងៃទី២៦ ខែធ្នូនេះថា ខ្លួនបានសម្រេចចិត្តទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជាដើម្បីពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងសេចក្ដីថ្លែងការមួយធនាគារបាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់ធនាគារ KB Kookmin បានយល់ព្រមលើផែនការកាន់កាប់ភាគហ៊ុនចំនួន ៧០% នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក្នុងតម្លៃ ៦០៣ លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរធនាគារ KB ក៏គ្រោងនឹងទិញយកភាគហ៊ុនចំនួន ៣០% ដែលនៅសេសសល់ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងរយៈពេល ២ឆ្នាំខាងមុខទៀតផងដែរ ដើម្បីទទួលបានការគ្រប់គ្រងផ្ដាច់មុខ។ សូមបញ្ជាក់ផងដែរថានៅក្នុងកិច្ចខិតខំប្រឹងប្រែងដំបូងរបស់ខ្លួន ដើម្បីបោះជំហានចូលក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ KB Kookmin បានវិនិយោគទឹកប្រាក់ ៩៨ លានដុល្លារ ដើម្បីទទួលបានភាគហ៊ុន ២២% នៅក្នុងធនាគារ Bukopin របស់ឥណ្ឌូនេស៊ី។

បន្ថែមពីនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានប្រតិបត្តិការសាខាចំនួន ១៧៧ កន្លែងនៅទូទាំងប្រទេស ហើយបានពង្រីកសេវាកម្មប្រាក់កម្ចីតូចៗដល់អតិថិជនក្នុងស្រុក និងសិទ្ធិ​ទទួលការ​ដាក់​ប្រាក់បញ្ញើពីអតិថិជនផងដែរ នេះបើយោងតាមអ្នកនាំពាក្យនៃធនាគារ KB Kookmin។ ដោយកាលពីឆ្នាំមុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេលំដាប់ទីបីនៅកម្ពុជាទាក់ទងនឹងប្រាក់កម្ចីបាន ប្រកាសពីប្រាក់ចំណេញសុទ្ធចំនួន ៧៨ លានដុល្លារអាមេរិកជាមួយនឹងប្រាក់ចំណេញមានចំនួន ២៩.៤ %៕

អត្ថបទ៖ លីនី