ខេត្តមណ្ឌលគិរី – គោលដៅទី១៦នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត
ហិរញ្ញវត្ថុ December 20, 2019 Samrith Choung

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការរៀបចំសិក្ខាសាលានៅខេត្តមណ្ឌលគិរី ដែលជាគោលដៅទី១៦នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា។ ភ្ជាប់ជាមួយនឹងប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញាត្តិ និងឱកាសវិនិយោគដល់សាធារណៈជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក ជា បុល្លិកា បានផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តមណ្ឌលគិរីនេះ ហើយបានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក បុល្លិកា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

បន្ទាប់មក ឯកឧត្តម ប៉េង សម្បត្តិ បានផ្ដល់កិត្តិយសប្រកាសបើកកម្មវិធីសិក្ខាសាលាជាផ្លូវការ និងបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ប៉េង សម្បត្តិ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់របស់លោកទៅលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា វានឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិនិយោគិនដែលវិនិយោគលើផលិតផលឧបករណ៍និស្សន្ទទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។


លោក Lawrence បាននិយាយថា៖ «ត្រឹមសប្ដាហ៍ទី១នៃឆ្នាំ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា នឹងបានធ្វើដំណើរ និងផ្ដល់ចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។ នេះ គឺជាប្រវត្តិសាស្រ្តដំបូង និងគួរឱ្យចាប់អារម្មណ៍មួយនៅកម្ពុជា។ មិនតែប៉ុណ្ណោះ យើងនឹងបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគក្នុងដែនដីសុវណ្ណភូមិនេះ ហើយវាគឺជាអ្វីដែលយើងបានធ្វើនៅពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេសនាពេលថ្មីៗនេះ។»

គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តក្នុងខេត្តចំនួន២១រួចមកហើយ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីនេះតែម្ដង។

នៅលើឆាកអន្តរជាតិវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit ឆ្នាំ២០១៧ ពិព័រណ៍ London Summit ឆ្នាំ២០១៨ ពិព័រណ៍ London Summit ឆ្នាំ២០១៩ នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុងហុងកុង។ ក្រុមហ៊ុន ក៏មានដៃគូសហការអន្តរជាតិជាច្រើននៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម។


*ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ 023 22 7777។