អបអរសាទរ! រោងម៉ាស៊ីនកិនស្រូវចំនួន១៨ បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យនាំចេញអង្ករទៅកាន់ប្រទេសចិន ដែលអាចសម្រេចបានកូតា ៤០ម៉ឺនតោនក្នុងមួយឆ្នាំ
សេដ្ឋកិច្ច December 19, 2019 Chan Sreyny

ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានប្រកាសថារោងម៉ាស៊ីនកិនស្រូវចំនួន ១៨ បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យនាំចេញអង្ករទៅកាន់ប្រទេសចិន។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួមពីឯកឧត្តម Wu Guoquan តំណាងស្ថានទូតចិន ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា លោកឧកញ៉ា និងវិស័យឯកជនប្រមាណ ២០០នាក់។

ក្នុងនោះផងដែរកម្ពុជាសម្រេចបានលទ្ធផលក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារចិន ដោយសរុបមកទល់ពេលនេះកម្ពុជាមានសហគ្រាស និងរោងម៉ាស៊ីនកិនស្រូវចំនួន ៤៤ ហើយដែលមានលទ្ធភាពនាំចេញអង្ករទៅកាន់ប្រទេសចិន។ ខណៈដែលទីផ្សារចិនមានសក្តានុពលសម្រាប់កសិផលកម្ពុជាមិនមែនតែអង្ករ ប៉ុន្តែមានដំឡូងមី ម្រេច ស្វាយ ស្វាយចន្ទី ត្រី កៅស៊ូ ដូង និងកសិផលផ្សេងៗទៀត ហើយទាំងអស់នេះគឺជាឱកាសដ៏ប្រសើរសម្រាប់កសិករកម្ពុជានាពេលអនាគត។

ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានសម្តែងនូវអំណរសាទរជូនចំពោះរោងម៉ាស៊ីនកិនស្រូវទាំង ១៨ ដែលបានទទួលគោលការណ៍ពីអគ្គរដ្ឋបាលគយចិនអនុញ្ញាតឲ្យនាំអង្ករចេញទៅកាន់ទីផ្សារចិន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង សហការ និងឧបត្ថម្ភគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ បន្ថែមពីនេះទៅទៀតក្រសួងបានប្ដេជ្ញាឲ្យអស់ពីលទ្ធភាពដើម្បីជំរុញឲ្យផលិតផលអង្ករកម្ពុជាអាចនឹងនាំចេញទៅកាន់ទីផ្សារចិនគ្រប់តាមកូតា ៤០ម៉ឺនតោនក្នុងមួយឆ្នាំស្របតាមសុឆន្ទ:របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ លីនី