វិនិយោគិនជប៉ុនមួយក្រុមខំស្កាត់មកស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ក្នុងនោះពួកគេក៏បំពេញទស្សនកិច្ច និងសម្លឹងមើលសក្ដានុពលមួយចំនួនលើវិស័យទេសចរណ៍ខេត្តកែប។ ជាមួយគ្នានេះដែរក្រុមវិនិយោគិនជប៉ុនក៏បានជួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យទេសចរណ៍ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះក្រុមវិនិយោគជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីសក្ដានុពលវិស័យនៅខេត្តកែប ពិសេសទៅលើឆ្នេអង្កោល និងកោះទន្សាយ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ថ្មី ដោយសារឆ្នេរនេះជាឆ្នេរធម្មជាតិដែលមិនទាន់មានការអភិវឌ្ឍឲ្យបានលេចធ្លោនៅឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អ វានឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តកែប ជាតំបន់់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់ ហើយខេត្តកែបបច្ចុប្បន្នក៏មានឆ្នេរកែបរួចហើយដែរ ដែលកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។

ក្រៅពីនេះទៅទៀតក្រុមវិនិយោគជប៉ុនក៏ចាប់អាមរ្មណ៍ទៅលើលើរមណីយដ្ឋានធម្មជាតិទេទឹកពុះផងដែរ ដោយបង្ហើបឲ្យដឹងថា តំបន់នោះនៅមានលទ្ធភាពជំរុញឲ្យមានការរីកចម្រើនលើសពីពេលបច្ចុប្បន្ន ហើយក្រុមនេះនឹងពិចារណាលើចំណុចនេះ។ ទន្ទឹមនឹងនេះដែរក្រុមវិនិយោគិនជប៉ុនក៏មានការពេញចិត្តយ៉ាងខ្លាំង ចំពោះសម្រស់ផ្កាថ្មនៅសមុទ្រកម្ពុជាផងដែរ ពិសេសខេត្តព្រះសីហនុ ខេត្តកែបជាដើម៕





