ជប៉ុនមានបំណងចង់សិក្សាពីលទ្ធភាពនៃការអនុវត្តគម្រោងធ្វើតេស្តពិសោធ វិភាគ គុណភាពស្រូវចំណី និងអង្ករបស់ប្រទេសកម្ពុជា
សេដ្ឋកិច្ច December 17, 2019 Chan Sreyny

ប្រទេសជប៉ុនបង្ហាញគោលបំណងចង់សិក្សាអំពីលទ្ធភាពនៃការអនុវត្តគម្រោងធ្វើតេស្តពិសោធ វិភាគ គុណភាពស្រូវចំណី និងអង្ករបស់ប្រទេសកម្ពុជា​ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកនៃអគ្គនាយកដ្ឋានកសិកម្ម។ គោលបណងនេះផងដែរត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារនៃសាកលវិទ្យាល័យណាហ្កូយ៉ា និងតំណាងក្រុមហ៊ុនសាតាកេនៃប្រទេសជប៉ុនដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ។

ក្នុងជំនួបនោះផងដែរឯកឧត្តមប្រតិភូ បានសំដែងនូវការស្វាគមន៍ និងរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាជាមួយនឹងសាកលវិទ្យាល័យណាហ្កូយ៉ា និងក្រុមហ៊ុនសាតាកេ នៃប្រទេសជប៉ុនលើ ការអនុវត្តគម្រោងខាងលើ ដែលការងារនេះឯកឧត្តមបានស្នើឱ្យមានការជជែកពិភាក្សាគ្នាយ៉ាងលម្អិតមួយអំពីការងារ/សកម្មភាព ដែលភាគីនីមួយៗអាចធ្វើទៅបាន។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានលើកឡើងនូវចំណុចចំនួន០៤ដូចខាងក្រោម មុននឹង កិច្ចសហប្រតិបត្តិការនេះត្រូវចាប់ផ្តើមគឺ៖

១). ទាំងសាកលវិទ្យាល័យ និងក្រុមហ៊ុន គួរដំណើរការការងាររបស់ខ្លួនដោយចាប់ផ្តើមពីអ្វីដែលអគ្គនាយកដ្ឋានកសិកម្មមានស្រាប់ ដូចជា ពិធីសារ ឬស្តង់ដារនៃការវិភាគគុណភាពស្រូវចំណីដែលបានបង្កើត/រៀបចំរួចជាស្រេច ដោយពុំចាំបាច់ត្រូវការបង្កើតថ្មីឡើយ
២). គួរជ្រើសរើសប្រភេទពូជស្រូវដែលពេញនិយមបំផុត និងជាអាទិភាពនៅលើទីផ្សារសម្រាប់ការសាកល្បងក្នុងការធ្វើតេស្ត វិភាគ ហើយដែលក្នុងចំណោមនោះ ប្រភេទពូជស្រូវផ្ការំដួល និងសែនក្រអូប គឺជាប្រភេទពូជស្រូវដែលគួរត្រូវបានជ្រើសរើស ស័ក្តសមបំផុត
៣). ទាំងសាកលវិទ្យាល័យ និងក្រុមហ៊ុន គួរសហការ និងពិនិត្យលើម៉ាស៊ីន ឧបករណ៍ និងសម្ភារធ្វើតេស្តគុណភាពស្រូវចំណី និងអង្ករដែលមានស្រាប់នៅក្នុងមន្ទីរពិសោធន៍ជាតិកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងគួរប្រើប្រាស់របស់ទាំងនេះឱ្យអស់ លទ្ធភាព និងប្រកបដោយប្រសិទ្ធភាព និង
៤). ចំពោះម៉ាស៊ីន ឧបករណ៍ និងសម្ភារធ្វើតេស្តគុណភាពស្រូវចំណី និងអង្ករដែលមានតម្រូវការប្រើប្រាស់នៅក្នុងគម្រោងថ្មីនេះ ប៉ុន្តែមន្ទីរពិសោធន៍ជាតិកសិកម្ម មិនមាន នោះគឺជាការប្រសើរប្រសិនបើក្រុមហ៊ុនសាតាកេ អាចជួយឧបត្ថម្ភជាម៉ាស៊ីន ឧបករណ៍ និងសម្ភារទាំងនេះមកអគ្គនាយកដ្ឋានកសិកម្ម។

បន្ថែមពីនេះឯកឧត្តមប្រតិភូ បានស្នើឱ្យក្រុមការងារនៃសាកលវិទ្យាល័យណាហ្កូយ៉ា ក៏ដូចជាក្រុមហ៊ុនសាតាកេ ធ្វើការយ៉ាងជិត ស្និត និងពិភាក្សាការងារលម្អិតបន្ថែមទៀតក្រោមក្របខណ្ឌបច្ចេកទេសជាមួយអង្គភាពជំនាញរបស់អគ្គនាយកដ្ឋានកសិកម្ម រួមមាន នាយកដ្ឋានដំណាំស្រូវ និងមន្ទីរពិសោធន៍ជាតិកសិកម្ម ជាដើម៕

ប្រភព៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម