តាមរបាយការណ៍បង្ហាញថាប្រជាជនវៀតណាមក្នុងទីក្រុងហូជីមិញចូលចិត្តចេញទៅក្រៅផ្ទះទទួលទានភេសជ្ជៈគ្មានជាតិអាល់កុល ដោយកាហ្វេនិងតែជាជម្រើសដ៏ពេញនិយមបំផុត
សេដ្ឋកិច្ច December 17, 2019 Chan Sreyny

យោងតាមការសិក្សាស្រាវជ្រាវដោយក្រុមហ៊ុនស្រាវជ្រាវអតិថិជន Kantar Worldpanel បានឲ្យដឹងថានៅទីក្រុងហូជីមិញប្រទេសវៀតណាមចំនួនអ្នកដែលចេញទៅក្រៅផ្ទះដើម្បីទទួលទានភេសជ្ជៈគ្មានជាតិអាល់កុលមានចំនួន ៥៩% នៃការចំនាយសរុបទៅលើភេសជ្ជៈប្រភេទនោះ។ ជាមួយគ្នានេះចំនួនប្រជាជនវ័យក្មេងដែលមានទំនោរចេញទៅក្រៅ (OOH) កាន់តែច្រើនឡើងនោះ ភាគច្រើនគឺទទួលទានភេសជ្ជៈគ្មានជាតិអាល់កុល (NAB) លើសពីមធ្យមភាគ ៥២%។

ប្រភពដដែលបានបន្តថាក្នុងចំណោមប្រទេសចំនួន ១០ ដែលបានធ្វើការស្ទង់មតិដោយ Kantar គឺប្រទេសវៀតណាមដែលតំណាងដោយទីក្រុងហូជីមិញបានឈរនៅលំដាប់ទី៤ ដែលប្រជាជនចេញទៅក្រៅផ្ទះទទួលទានភេសជ្ជៈគ្មានជាតិអាល់កុលដោយគិតជាភាគរយ។ ដែលនាំមុខដោយប្រទេសឥណ្ឌូនេស៊ី អេស្បាញ និងប្រទេសថៃចំនួន ៦៤% ដល់ ៦៧%។ ខណៈដែលនៅបាតតារាងប្រទេសប្រេស៊ីល ម៉ិកស៊ិក បារាំង និងព័រទុយហ្គាល់ដែលមាន ២៨% ទៅ ៣៧%។

ទោះជាយ៉ាងណាក្ដីទាក់ទងនឹងឱកាសនៃការទទួលទានភេសជ្ជៈគ្មានជាតិអាល់កុលនៅហូជីមិញ ៦១% នៅផ្ទះ (ធ្វើដោយខ្លួនឯង) និងមានតែ ៣៩% ប៉ុណ្ណោះនៅខាងក្រៅ។ ហើយការទទួលទានភេសជ្ជៈទាំងក្នុង និងក្រៅផ្ទះនេះ កាហ្វេ និងតែ គឺជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកទីក្រុងមួយចំនួន ខណៈពេលដែលមួយចំនួនទៀតទទួលទានភេសជ្ជៈដែលមានសារធាតុចិញ្ចឹម និងល្អសម្រាប់សុខភាព។ បន្ថែមពីនេះជាទូទៅមនុស្សម្នាក់ៗនៅទីក្រុងហូជីមិញចំណាយជាមធ្យម ៤.៥ លានដុង (១៩៥ ដុល្លារ) ក្នុងមួយឆ្នាំលើភេសជ្ជៈគ្មានជាតិអាល់កុល ២,៩ លានដុង (១២៦ ដុល្លារ) សម្រាប់ការទិញមកទទួលទាននៅផ្ទះ និង ១,៦ លានដុង (៦៩ ដុល្លារ) សម្រាប់ការចំណាយនៅខាងក្រៅ៕

អត្ថបទ៖ លីនី