ផ្លូវដើរកម្សាន្តថ្មីដែលទើបបើកដំណើរការនៅទីក្រុងបាងកក ទទួលបានជោគជ័យខ្លាំងនៅថ្ងៃដំបូងដែលអាចទាក់ទាញមនុស្សរាប់ពាន់នាក់ជាពិសេសភ្ញៀវទេសចរ
សេដ្ឋកិច្ច December 17, 2019 Chan Sreyny

ថៃ៖ ផ្លូវដើរថ្មីមានឈ្មោះថា Silom ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលថៃបានសម្ភោធជាផ្លូវការ និងដាក់ដំណើរការកាលពីម្សិលមិញដោយនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅក្នុងទីក្រុងបាងកក។ ផ្លូវដើរថ្មីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ ដោយផ្ដល់នូវបទពិសោធន៍ក្នុងស្រុកសម្រាប់ភ្ញៀវទេសចរ និងអ្នកដំណើរដែលបានចូលរួម។

ក្រៅពីផ្លូវដើរ Silom ដែលជាផ្សារថ្មីតាមចិញ្ចើមផ្លូវដំបូងដែលបើកនៅទីក្រុងបាងកក រដ្ឋាភិបាលថៃក៏បានរៀបចំផ្លូវមួយទៀតនៅលើផ្លូវ Yowarat ក្នុងតំបន់ Chinatown ផងដែរ។ ដោយផ្លូវដើរកម្សាន្ត Silom បានក្លាយជាទិសដៅទេសចរណ៍ថ្មីដែលនឹងបើកដំណើរការរៀងរាល់ថ្ងៃទី៣ ក្នុងខែនីមួយៗចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោង ១០ យប់ (ពោលគឺបើកតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយខែ)។

ជាមួយគ្នានេះដែរក្នុងការរៀបចំផ្លូវដើរកម្សាន្តថ្មីសម្រាប់ទេសចរនេះ មានតូបតូចៗជាច្រើនត្រូវបានរៀបចំជាជួរទាំងសងខាងនៃផ្លូវ ដោយមានអាជីវកម្មចំនួន ៣០០ មុខផ្សេងៗគ្នាដែល ៧០% ជាតូបលក់ទំនិញរួមមានម្ហូបអាហារថៃ បែបបុរាណ និងជំរើសទំនើបៗ។ ទន្ទឹមនឹងនេះគ្រប់ផលិតផលដែលដាក់លក់សុទ្ធសឹងតែជាផលិតផលធ្វើដោយដៃដូចជា សម្លៀកបំពាក់ សិល្បៈគំនូរ និងគ្រឿងសិប្បកម្មជាច្រើនទៀត ដោយត្រឹមតែថ្ងៃបើកសម្ភោធដំបូងព្រឹត្តិការណ៍នេះអាចទាក់ទាញមនុស្សរាប់ពាន់នាក់ឲ្យចូលរួមជាពិសេសភ្ញៀវទេសចរអន្តរជាតិ៕

អត្ថបទ៖ លីនី