ផ្សារព្រំដែនកម្ពុជា-វៀតណាមដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តតៃនិញនឹងត្រូវដាក់សម្ភោធជាផ្លូវការនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ ២០១៨។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ សម្ដេចតេជោបានមានប្រសាសន៍ថាសម្តេចនឹងអញ្ជើញទៅសម្ពោធផ្សារព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ ដែលជាអតីតសមរភូមិប្រយុទ្ធរបស់សម្តេច នៅឆ្នាំ១៩៧១ និងធ្លាប់បានវាយប្រហារគ្នាប្រមាណ២០លើក។
ដោយឡែកបច្ចុប្បន្នបានក្លាយជាទីផ្សារព្រំដែននឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម។ បន្ថែមពីនេះទាំងព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម សព្វថ្ងៃនេះសំបូរទៅដោយអគារខ្ពស់ៗ តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។ ដោយនៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh កាលពីសប្តាហ៍មុនសម្ដេចបានអំពាវនាវឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងសម្រួលពាណិជ្ជកម្មតាមព្រំដែនដែលរួមចំណែកដល់ពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយ។

គួររំលឹកដែរថា គម្រោងសាងសង់ព្រំដែនកម្ពុជា-វៀតណាម លើកដំបូងឈ្មោះថា «ផ្សារដា» ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្តឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដីទំហំ ១៩,៦២៨ ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន ៤៤,៧៦១,០០០លានដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម៕

អត្ថបទ៖ លីនី


