អប់រំ៖ គ្រាមួយមានមនុស្សម្នាក់បានសួរបុរសដែលមានជាងគេបំផុតនៅលើពិភពលោកគឺ Bill Gates ថា “តើមាននរណាម្នាក់ដែលប្រសើរជាងអ្នកនៅលើពិភពលោកទេ?” Bill Gates ឆ្លើយថា “ បាទមានមនុស្សម្នាក់ដែលមានជាងខ្ញុំ ” ។ បន្ទាប់មកគាត់បាននិយាយរឿងពីបុរសដែលមាននោះទៅកាន់អ្នកដែលសួរគាត់៖ «នៅពេលនោះវាជាកំឡុងពេលដែលខ្ញុំមិនទាន់មានទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយខ្ញុំកំពុងស្ថិតនៅអាកាសយានដ្ឋានញូវយ៉ក។ នៅពេលដែលខ្ញុំបានឃើញអ្នកលក់កាសែតម្នាក់ ខ្ញុំចង់ទិញកាសែតមួយច្បាប់ ប៉ុន្តែខ្ញុំមិនមានលុយគ្រប់គ្រាន់នោះទេ។ ដូច្នេះខ្ញុំបានសម្រេចចិត្តថាមិនទិញហើយប្រគល់កាសែតឲ្យទៅអ្នកលក់វិញ ហើយបានប្រាប់គាត់ថាខ្ញុំមានលុយតែវាមិនគ្រប់ក្នុងការទិញនោះទេ»។
ប៉ុន្តែអ្នកលក់បាននិយាយថា៖ «ខ្ញុំនឹងផ្ដល់កាសែតនេះជូនអ្នកដោយឥតគិតថ្លៃ» ហើយដោយសារការទទូចរបស់គាត់ខ្ញុំបានយកកាសែតនេះ។ បន្ទាប់ពី ២ ទៅ ៣ខែក្រោយមកពិតជារឿងចៃដន្យណាស់ខ្ញុំបានចុះចតនៅអាកាសយានដ្ឋានដដែល ហើយជាថ្មីម្ដងទៀតខ្ញុំខ្វះលុយសម្រាប់ទិញកាសែតដដែល តែអ្នកលក់បានផ្ដល់កាសែតម្ដងទៀតដល់ខ្ញុំ។ ពេលនោះខ្ញុំបានបដិសេធហើយបាននិយាយថាខ្ញុំមិនអាចយកវាទេ ខ្ញុំមិនមានលុយសម្រាប់ទិញទេនៅថ្ងៃនេះ។
មិនថាប្រកែកយ៉ាងណាអ្នកលក់កាសែតបាននិយាយថា៖ «អ្នកអាចយកវាបាន ខ្ញុំមិនខាតនោះទេគ្រាន់តែបាត់ប្រាក់ចំណេញបន្តិចប៉ុណ្ណោះ» ហើយខ្ញុំក៏បានយកកាសែតនេះម្ដងទៀត។ ក្រោយមកបន្ទាប់ពីរយៈពេល ១៩ ឆ្នាំខ្ញុំទទួលបានភាពល្បីល្បាញ និងមានមនុស្សជាច្រើនដែលស្គាល់ខ្ញុំ ខ្ញុំចាប់ផ្ដើមស្វែងរកអ្នកលក់កាសែតម្នាក់នោះ ហើយបន្ទាប់ពីការស្វែងរកគា់អស់រយៈពេល ១ខែ ខ្ញុំរកបានគាត់ឃើញ។
ខ្ញុំបានសួរគាត់ថា៖ «តើអ្នកស្គាល់ខ្ញុំទេ?» គាត់បានឆ្លើយថា៖ «មែនហើយ! អ្នកគឺជា Bill Gates។»
ខ្ញុំបានសួរគាត់ម្ដងទៀត៖ «តើអ្នកចាំបានទេនៅពេលដែលអ្នកឲ្យកាសែតដោយឥតគិតថ្លៃដល់ខ្ញុំ?» អ្នកលក់បាននិយាយថា៖ « បាទខ្ញុំចាំ! ខ្ញុំបានឲ្យអ្នកពីរដង »
ខ្ញុំបាននិយាយថា៖ « ខ្ញុំចង់តបស្នងសងគុណដែលអ្នកបានផ្ដល់មកខ្ញុំនៅពេលនោះ។ អ្វីក៏ដោយដែលអ្នកចង់បាននៅក្នុងជីវិតប្រាប់ខ្ញុំមក ខ្ញុំនឹងធ្វើវាដើម្បីអ្នក »។
អ្នកលក់កាសែតរូបនោះបានឆ្ើតតបមកវីញថា៖ « លោកមិនគិតទេថា បើធ្វើដូច្នេះអ្នកនឹងមិនអាចជួយខ្ញុំបាននោះទេ? »
ពេលនោះខ្ញុំក៏សួរទៅគាត់វិញថា ៖ «ហេតុអីទៅ?»
គាត់បាននិយាយថា៖ « ខ្ញុំបានជួយអ្នកនៅពេលខ្ញុំជាអ្នកលក់កាសែតក្រីក្រ ហើយអ្នកកំពុងព្យាយាមជួយខ្ញុំនៅពេលអ្នកក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។ តើជំនួយរបស់អ្នកអាចស្មើនឹងការជួយរបស់ខ្ញុំយ៉ាងដូចម្ដេចទៅ?»
បន្ទាប់មកពីថ្ងៃនោះមកខ្ញុំបានដឹងថាអ្នកលក់កាសែតមានទ្រព្យសម្បត្តិច្រើនជាងខ្ញុំ ពីព្រោះគាត់មិនរងចាំក្លាយជាអ្នកមានដើម្បីជួយនរណាម្នាក់ឡើយ។ ធ្វើជាមនុស្សត្រូវយល់ថាអ្នកមានពិតប្រាកដ គឺជាអ្នកដែលមានបេះដូង មានចិត្តជាជាងអ្នកដែលមានលុយច្រើន៕

អត្ថបទ៖ លីនី


