មុនពេលដែលលោក Elon Musk ក្លាយជាមនុស្សឈ្លក់វង្វេងនឹងការធ្វើដំណើរលើអវកាស និងឡានអេឡិចត្រូនិចគាត់គឺ ជាក្មេងញៀននឹងវិដេអូហ្គេមជាច្រើន។ ថ្លែងនៅពិព័រណ៍អេឡិចត្រូនិច និងសន្និបាតវិដេអូហ្គេមនៅក្នុងទីក្រុង Los Angeles គាត់បានលើកឡើងពីឥទ្ធិពលនៃវិដេអូហ្គេមដែលមានលើចក្ខុវិស័យរបស់គាត់ និងអាជីពវិស្វករនៅគ្រប់ទីកន្លែង ដោយមហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានលើកឡើងមូលហេតុមួយដែលធ្វើឲ្យគាត់ចាប់អារម្មណ៍នឹងបច្ចេកវិទ្យា។
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថាគាត់ប្រហែលជាមិនបានចាប់ផ្ដើមសរសេរកម្មវិធីនោះទេ ប្រសិនបើមិនមែនជាវិដេអូហ្គេម ឬក៏គាត់អាចនឹងមិនចាប់អារម្មណ៍នឹងកុំព្យូទ័រ និងបច្ចេកវិទ្យាប្រសិនបើគាត់មិនបានលេងវិដេអូហ្គេម។ ដូច្នេះហើយ Musk គិតថាវិដេអូហ្គេមគឺ ជាកម្លាំងអូសទាញមួយដ៏មានឥទ្ធិពលសម្រាប់ធ្វើឲ្យក្មេងៗ ចាប់អារម្មណ៍នឹងបច្ចេកវិទ្យា។

គាត់ហ៊ានអះអាងដូច្នេះ ដោយសារយោងតាមបទពិសោធន៍ខ្លួនផ្ទាល់ ខណៈពេលដែលគាត់មានអាយុទើបតែ ១២ ឆ្នាំ គាត់បានសរសេរកូដ និងបង្កើតហ្គេមប្រយុទ្ធអវកាសមួយដែលមានឈ្មោះថា“ Blastar” ដែលក្រោយមកលក់ក្នុងតំលៃ ៥០០ ដុល្លារសំរាប់ការបោះពុម្ពផ្សាយទស្សនាវដ្តី PC និង Office Technology ។ ទោះបីជាយ៉ាងណាក៏ដោយ Musk មិនមែនជាមនុស្សតែម្នាក់ទេដែលបានរកឃើញការជំរុញទឹកចិត្តនិងភាពជោគជ័យតាមរយៈហ្គេម ក្រៅពីគាត់នៅមានអ្នកសរសេរកម្មវិធីឆ្នើមជាច្រើនទៀតនៅលើពិភពលោកដែលទទួលបានជោគជ័យ និងរកឃើញចំណង់ចំណូលចិត្តពិតប្រាកដតាមរយៈការលេងហ្គេមនេះ៕

អត្ថបទ៖ លីនី


