សមាគមន៍វិស័យឥដ្ឋការ៉ូ និងឥដ្ឋចិនបានបង្ហាញចំណាប់អារម្មណ៍ និងចង់ស្វែងយល់ពីឱកាសវិនិយោគលើវិស័យឧស្សាហកម្មផលិតឥដ្ឋការ៉ូ និងឥដ្ឋសំណង់នៅកម្ពុជា ក្នុងនោះក៏ចង់ដឹងពីគោលនយោបាយលើកទឹកចិត្តក្នុងច្បាប់វិនិយោគរបស់កម្ពុជាផងដែរ។ គោលបំណងនេះត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងប្រតិភូសមាគមវិស័យឥដ្ឋការ៉ូ និង ឥដ្ឋចិន មួយក្រុមដឹកនាំដោយ លោកស្រី Xu Yanming។
ស្របពេលដែលវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងលូតលាស់យ៉ាងឆាប់រហ័ស ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានសម្ដែងការស្វាគមន៍ និងបានជម្រាបជូនពីសក្ដានុពល និងភាពអំណោយផលចំពោះការវិនិយោគលើវិស័យផលិតគ្រឿងសំណង់នៅកម្ពុជានេះ។ ដោយឯកឧត្តមនិងស្នើឲ្យដាក់ពាក្យវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា ដើម្បីពិនិត្យ វាយតម្លៃនិងសម្រេច ថា៖អ្វីដែលត្រូវលើកទឹកចិត្តខ្លះ។ បន្ថែមពីនេះឯកឧត្តមបានបញ្ជាក់ថាបច្ចុប្បន្នទោះបីមានក្រុមហ៊ុន រោងចក្រ និងសិប្បកម្ម មួយចំនួនកំពុងផលិត វិស័យឥដ្ឋការ៉ូ ឥដ្ឋសំណង់ រឺក្បឿង នៅកម្ពុជាក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅតែនាំចូលគ្រឿងសំណង់ទាំងនេះពីក្រៅប្រទេសផងដែរ ។

ដូច្នេះហើយបើសិនជាផលិតផលរបស់ក្រុមហ៊ុនក្នុងសមាគមផលិត ឥដ្ឋការ៉ូ រឺឥដ្ឋសំណង់ទៅមានគុណភាពខ្ពស់តាមស្តង់ដារ ពិតជាមានទីផ្សារល្អនៅកម្ពុជា ព្រោះជួយកាត់បន្ថយការនាំចូលពីក្រៅ ហើយក៏អាចមានលទ្ធភាពធ្វើការនាំចេញទៅក្រៅតាមប្រពន្ធអនុគ្រោះពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។ យ៉ាងណាមិញលោកស្រី Xu Yanming ជាប្រធានប្រតិភូបានបង្ហាញនូវការចាប់អារម្មណ៌ចំពោះការវិនិយោគក្នុងទីផ្សារកម្ពុជា និងបញ្ជាក់ថា សមាគមឥដ្ឋការ៉ូ និង ឥដ្ឋសំណង់ចិន គឺជាបណ្តុំរោងចក្រដែលផលិតមានលក្ខណៈល្បីល្បាញនៅប្រទេសចិន និងនាំចេញទៅលក់នៅក្រៅប្រទេសជាច្រើន ហើយសង្ឃឹមថានឹងមានទីផ្សារល្អនៅកម្ពុជា នៅពេលដែលសម្រេចចិត្តបង្កើតរោងចក្រនៅកម្ពុជា៕



