ក្រសួងទេសចរណ៍ធ្វើការព្រមានចំពោះអាជីវកម្មណា ដែលលក់ដូរបោកប្រាស់ភ្ញៀវទេសចរ ហើយបើនៅតែមិនស្តាប់ ក្រសួងនឹងចាត់វិធានការតាមច្បាប់អាចឈានដល់ការបិទអាជីវកម្មតែម្តង
សេដ្ឋកិច្ច December 16, 2019 Chan Sreyny

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានលើកទឹកចិត្តចំពោះម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយដែលមានឆន្ទៈចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍ជាតិ ប៉ុន្តែត្រូវតែចាត់វិធានការយ៉ាងដាច់ខាតចំពោះមូលដ្ឋានអាជីវកម្មណាដែលបានបោកប្រាស់ភ្ញៀវដើម្បីតែផលចំណេញមួយពេល ហើយប៉ះពាល់ដល់គោលដៅទេសចរណ៍នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដូច្នេះនៅក្នុងពិធីបើកកកសម្ភោធជាផ្លូវការហាងលក់គ្រឿងអលង្ការ ច័ន្ទ គឹមទី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ។

ថ្លែងនៅក្នុងឱកាសបើកសម្ភោធនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរសរុបនៅលើពិភពលោក ក៏ដូចជានៅកម្ពុជាមានប្រមាណ ២៥% តែងតែចូលទិញគ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់សិល្បៈផ្សេងទៀត ដោយលោកបានដាស់តឿនឲ្យអាជីវកម្មទាំងឡាយដេលប្រតិបត្តិការលើផ្នែកនេះ ត្រូវពង្រឹង គុណភាពសេវាកម្ម ធានាគុណភាព បដិសណ្ឋារកិច្ច ជាពិសេសមិនត្រូវបោកប្រាស់ភ្ញៀវជាដាច់ខាត។

បន្ថែមពីនេះឯកឧត្តមក៏បានក្រើនរំលឹកដល់អាជីវករទាំងអស់ ជាពិសេសនៅគោលដៅសៀមរាប-អង្គរ និងអាជីវកម្មហាងវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់ខ្មែរ ត្រូវធានាគុណភាពចំពោះផលិតផលរបស់ខ្លួន ដាច់ខាតមិនត្រូវបោកប្រាស់ភ្ញៀវ ឬកាត់ថ្លៃហួសហេតុខុសពីតម្លៃពិតនោះឡើយ។ ព្រោះថានៅពេលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ភ្ញៀវទេសចរអឺរ៉ុបចូលចិត្តទិញវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរ ចំណែកភ្ញៀវទេសចរអាស៊ី ពិសេសទេសចរចិនចូលចិត្តទិញគ្រឿងអលង្ការ ដូចជា មាស ពេជ្រ ត្បូងមានតម្លៃ និងគ្រឿងអលង្ការដទៃទៀត។

យ៉ាងណាមិញចំពោះអាជីវកម្មទេសចរណ៍ទាំងឡាយណាដែលមិនគោរពតាមការណែនាំ ដោយលក់ផលិតផល ឬទំនិញអន់គុណភាព ឬក្លែងក្លាយជូនភ្ញៀវនោះ ក្រសួងទេសចរណ៍នឹងចាត់វិធានការអនុវត្តច្បាប់យ៉ាងតឹងរឹង។ ដែលច្បាប់ទើបនឹងដាក់ឲ្យអនុវត្តនោះអាចឈានដល់ការបិទអាជីវកម្មទាំងមូលថែមទៀត៕

អត្ថបទ៖​ លីនី