ចាយទុន ១ ម៉ឺនដុល្លារច្នៃគ្រឿងទេសពីផ្ទះបាយទៅជាផលិតផលថែរក្សាសម្ផស្ស ធ្វើឲ្យស្រ្តីរូបនេះក្លាយជាម្ចាស់យីហោដ៏ល្បីតម្លៃរាប់លានដុល្លារ
អាជីវកម្ម December 16, 2019 Chan Sreyny

ចេញរកស៊ីមិនមែនសុទ្ធតែទទួលបានជោគជ័យទាំងអស់នោះទេ វាដូចជាការប្រថុយមួយបើសិនជាមិនបានសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ដូចពាក្យដែលគេតែងតែនិយាយថា « មួយចានទឹក មួយចានគោក »។ ជាក់ស្ដែងអ្នកជំនាញ Sara Happ ដែលបានបង្កើតផលិតផលថែរក្សាបបូរមាត់ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាស្រ្កាប់ ដោយខ្លួនឯងអស់រយៈពេលប្រមាណជិត ១៥​ឆ្នាំរួចមកហើយជាមួយនឹងភាពជោគជ័យស្ទើរតែមិនគួរឲ្យជឿ។

មុនពេលដែលបង្កើតផលិតផលស្ក្រាប់ដែលកំពុងពេញនិយមសម្រាប់ស្រីៗគ្រប់រូបនាបច្ចុប្បន្ននេះ Sara Happ បានឲ្យដឹងថាកាលពីឆ្នាំ ២០០៥ នាងបានចូលទៅកាន់កម្មវិធី Google ហើយបានស្វែងរកផលិតផលស្រ្កាប់បបូរមាត់ តែជាលទ្ធផលមិនមាននោះទេ។ នៅពេលនោះនាងគិតថាទោះបីមិនមានស្ក្រាប់នោះក៏គ្មានបញ្ហា ព្រោះនាងអាចធ្វើដោយខ្លួនឯងបានពីគ្រឿងផ្សំនៅក្នុងផ្ទះបាយរបស់នាង។

បន្ទាប់មកដោយមើលឃើញពីចន្លោះប្រហោងនៅលើទីផ្សារ Sara Happ ក៏ដុះគំនិតផលិតស្ក្រាប់លក់ ដោយបានចំណាយលុយ ១០,០០០ ដុល្លារពីគណនីសន្សំរបស់នាងតាំងពីនាងមានអាយុ ២៥ ឆ្នាំហើយបានចាប់ផ្តើមពិសោធជាមួយស្ករ និងប្រេងសំខាន់ៗដែលអាចបរិភោគបានទិញពី Whole Foods និងលាយបញ្ចូលគ្នាបង្កើតបានជាស្ក្រាប់សម្រាប់ថែរក្សាបបូរមាត់។ ពេលបង្កើតបានដំបូងទីផ្សាររបស់នាងគឺលក់ផលិតផលរបស់ខ្លួនទៅឲ្យហាងដែលគ្រប់គ្រងដោយថៅកែស្រីៗចំនួន ៥ កន្លែងនៅ Los Angeles ហើយចាប់ផ្ដើមបង្កើតស្រ្កាប់ទាំងនោះឡើងបន្ថែមទៀតដោយឆ្លៀតពេលទំនេរពីការងារ។

មួយឆ្នាំក្រោយមកស្រ្កាប់បបូរមាត់របស់ Sara Happ ត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្ដី People magazine ដែលធ្វើឲ្យផលិតផលនេះមានគេស្គាល់ច្រើនដោយត្រឹមតែមួយយប់ការបញ្ជាទិញនៅលើគេហទំព័ររបស់នាងទទួលរាប់ពាន់ដង។ ជាមួយការចាប់ផ្ដើមនេះ Sara Happ អាចរកលុយបានដល់ទៅ ២៥០,០០០ ដុល្លារក្នុងការលក់នៅក្នុងឆ្នាំដំបូងដែលធ្វើផលិតផលពីផ្ទះបាយរបស់នាង។ ហើយមកទល់ពេលនេះផលិតផលរបស់នាងត្រូវបានលក់តាមអ៉ីនធឺណេត ហើយនៅតាមហាងលក់គ្រឿងសំអាងលំដាប់ខ្ពស់ដូចជា Bluemercury និង Nordstrom ជាដើម៕

អត្ថបទ៖ លីនី