ថៃ៖ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះនាយកដ្ឋានពន្ធដារថៃបានលើកឡើងពីផែនរបស់វិស័យឯកជនក្នុងការដាក់ពន្ធលើរថយន្តចាស់ៗដែលប្រើប្រាស់ក្នុងរយៈពេល ១០ ទៅ ១៥ឆ្នាំ ។ មកទល់ពេលនេះរដ្ឋាភិបាលថៃបានបញ្ជាក់ថាបច្ចុប្បន្ននេះខ្លួនមិនមានផែនការដាក់ពន្ធលើរថយន្តចាស់នោះទេ ដោយបដិសេធចំពោះផែនការនោះជាពាក្យចចាមអារាម ហើយគ្រាន់តែជាការស្នើសុំពីវិស័យឯកជនប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Narumon Pinyosinwat បានបង្ហើបថាបច្ចុប្បន្នរដ្ឋាភិបាលមិនមានគោលនយោបាយដាក់ពន្ធលើរថយន្តដែលមានអាយុលើសពី ១០ ឆ្នាំនោះទេ ដោយសង្កត់ធ្ងន់ថាការអនុវត្តផែនការបែបនេះនឹងត្រូវការការសិក្សាយ៉ាងទូលំទូលាយអំពីផលប៉ះពាល់សក្តានុពលរបស់វា។ ប៉ុន្តែទោះជាយ៉ាងណារដ្ឋាភិបាលមើលឃើញពីភាពចាំបាច់សម្រាប់ម្ចាស់រថយន្តចាស់ទាំងរថយន្តឯកជន និងសាធារណៈដើម្បីធានាបាននូវការថែរក្សាឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការបញ្ចេញផ្សែងខ្មៅ និងធូលី PM ០.៥ ។

ជាថ្មីម្តងទៀតរដ្ឋាភិបាលនឹងផ្តល់គំនិតពិចារណាឲ្យបានល្អិតល្អន់មុនពេលអនុវត្តគោលនយោបាយណាមួយ ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់អវិជ្ជមានណាមួយដែលសាធារណជនទូទៅបានជួបប្រទះ ហើយទន្ទឹមនឹងនេះពន្ធយានយន្តប្រចាំឆ្នាំនឹងនៅតែដដែលសម្រាប់ពេលនេះ៕

អត្ថបទ៖ លីនី


