ដោយសារប្រាក់បាតថ្លៃ ទីក្រុងបាងកកបានក្លាយជាទីក្រុងដែលមានតម្លៃថ្លៃបំផុតក្នុងចំណោមទីក្រុងកំពូលទាំង ៥០ របស់ពិភពលោកជាលើកដំបូង
សេដ្ឋកិច្ច December 14, 2019 Chan Sreyny

ថៃ៖ ទីក្រុងបាងកកបានលោតផ្លោះ ៤៣ ចំណាត់ថ្នាក់ចូលក្នុងចំណោមទីក្រុងកំពូលទាំង ៥០ ដែលថ្លៃជាងគេបំផុតនៅលើពិភពលោកជាលើកដំបូងដោយសារតែប្រាក់បាតឡើងខ្ពស់ នេះបើយោងតាមការស្ទង់មតិរបស់ ECA International ដែលបានស្ទាបស្ទង់លើការគ្រប់គ្រង និងសំណងសម្រាប់នយោជិកដែលត្រូវបានចាត់តាំងនៅជុំវិញពិភពលោក។ ទន្ទឹមនឹងនេះដែរ ECA International បានបង្ហាញថាទីក្រុងបាងកកដែលត្រូវបានគេមើលឃើញថាជាទិសដៅមានតម្លៃថោកសម្រាប់អ្នកធ្វើដំណើរវិស្សមកាល និងជនបរទេស បានកើនឡើងយ៉ាងខ្លាំងនៅក្នុងចំណាត់ថ្នាក់របស់ខ្លួនច្រើនជាងទីក្រុងនៅអាស៊ីទាំងអស់។

ដោយបាងកកបានផ្លាស់ពីចំណាត់ថ្នាក់ទី ៧៥ ក្នុងរយៈពេល២ ឆ្នាំចុងក្រោយនេះមកចំណាត់ថ្នាក់ទី៤៧ នៅក្នុងការស្ទង់មតិប្រចាំឆ្នាំស្ដីពីការចំណាយលើការរស់នៅដែលបណ្ដាលមកពីការឡើងថ្លៃប្រាក់បាត។ ជាមួយគ្នាននេះទីក្រុង Ashgabat របស់ប្រទេស Turkmenistan នៅតែជាទីក្រុងថ្លៃបំផុតនៅអាស៊ី និងពិភពលោកសម្រាប់ជនបរទេសរយៈពេល ២ឆ្នាំជាប់ៗគ្នា ខណៈការចំណាយក្នុងការរស់នៅក្នុងទីក្រុងតូក្យូរបស់ជប៉ុនស្ថិតនៅលំដាប់ទី ២ នៅអាស៊ីបន្ទាប់មក គឺទីក្រុងហុងកុងរបស់ប្រទេសចិន និងទីក្រុងយូកូហាម៉ាទី ក្រុងណាហ្គូយ៉ានិងទីក្រុងអូសាកា។ ហើយប្រទេសសិង្ហបុរី គឺជាទីតាំងថ្លៃបំផុតទី៧ នៅអាស៊ីសម្រាប់កម្មករបរទេសដែលរស់នៅ និងជាទីតាំងដែលមានតម្លៃថ្លៃជាងគេទី១៣ នៅលើពិភពលោក៕

អត្ថបទ៖ លីនី