ក្រសួងទេសចរណ៍បានដាក់ផែនការប្រែក្លាយទីក្រុងបាត់ដំបង ឲ្យក្លាយជាទីក្រុងគ្មានផ្សែងបារីនៅចុងឆ្នាំ២០២០ ចំពោះផែនការនេះត្រូវបានលើកឡើងនៅក្នុងសិក្ខាសិលា និងពិធីចែកពានស្ដីពី «បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍» ក្រោមវត្តមានឯកឧត្តម ហោ សារុនអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ថោង ខុន និងថ្នាក់ដឹកនាំខេត្ត។
បើតាមឯកឧត្តម ហោ សារុន កាលពីសប្តាហ៍ទី២ នៃខែវិច្ឆិកា កន្លងទៅនេះ ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្រសួងទេសចរណ៍ សហការជាមួយមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូបានចុះត្រួតពិនិត្យវាយតម្លៃ ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងក្រុងបាត់ដំបងនេះ ហើយជាលទ្ធផលបានរកឃើញសណ្ឋាគារ ចំនួន២២កន្លែង ក្នុងចំណោមសណ្ឋាគារ ៤៤កន្លែង និងភោជនីយដ្ឋានចំនួន ១៣កន្លែង ក្នុងចំណោមភោជនីយដ្ឋាន ២៦កន្លែង ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍។

ហេតុដូច្នេះហើយដើម្បីការពារសុខមាលភាពរបស់ប្រជាជន ការពារនិងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាលមកពីផលិតផលថ្នាំជក់ ជាពិសេសជួយថែរក្សាបរិស្ថាននៅតាមតំបន់ទេសចរណ៍នានា ក្រសួងបានដាក់វិធានការចម្បង២ គឺវិធានការទី១ក្រសួងទេសចរណ៍ក៏បានរៀបចំ សៀវភៅណែនាំ ស្តីពី បរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា លេខ០០៧សណន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ចែកជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ឲ្យបានជ្រួតជ្រាបនិងយល់ដឹងគោរពទៅតាមការណែនាំនេះឲ្យបានល្អប្រសើរផងដែរ។

វិធានការទី២ ដែលនឹងត្រូវអនុវត្តបន្តជាវិធានការរដ្ឋបាល គឺការផាកពិន័យចំពោះបុគ្គលអ្នកជក់នៅទីកន្លែងហាមឃាត់ ម្ចាស់អាជីវកម្មដែលអនុញ្ញាតឲ្យគេជក់នៅទីតាំងរបស់ខ្លួន ការតាំងលក់ផលិតផលថ្នាំ ជក់ខុសពីការកំណត់ និងផាកពិន័យរហូតដល់ក្រុមហ៊ុនបារីដែលនាំនិងលក់ផលិតផលថ្នាំជក់គ្មានសារព្រមានជារូបភាព ផ្សាយពាណិជ្ជកម្មបារីខុសច្បាប់..។ល។ ការផាកពិន័យអន្តរការណ៍ នឹងធ្វើតាមប្រកាសអន្តរក្រសួងរវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយក្រុមអធិការកិច្ចក្រសួងសុខាភិបាល ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ផងដែរ។

គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦.២លាននាក់ កើនឡើងប្រមាណ១១% ជាមួយទេសចរក្នុងស្រុក ប្រមាណ ១១.០៦លាននាក់ ដែលបាននាំចំណូលប្រមាណ ៤.៣៧៥ លានដុល្លារ និងបានផ្តល់ឱកាសការងារដោយផ្ទាល់ជាង ៦៣ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ថែមទៀត។ ដោយឡែកក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥.៣ លាននាក់ កើនឡើង ៩.៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ជាមួយនឹងទេសចរកម្ពុជាចេញក្រៅប្រទេសចំនួនប្រមាណជាង ១.៧លាននាក់ កើនឡើង ៤.០%៕

ប្រភព៖ ក្រសួងទេសចរណ៍
អត្ថបទើ លីនី


