គូស្នេហ៍មហាសេដ្ឋី នៅពីក្រោយ Panda Express ដែលចាប់ដៃគ្នារកស៊ីតាំងពីស្រលាញ់គ្នាដំបូង រហូតជំនួញរីកដូចផ្សិត បន្ទាប់ពីបោះបង់ចោលគោលបំណងបើកយីហោ McDonald’s
អាជីវកម្ម December 13, 2019 Chan Sreyny

នៅពេលនិយាយពីអាជីវកម្មល្បីៗនៅលើពិភពលោក មនុស្សមិនតិចទេដែលស្គាល់ក្រុមហ៊ុន Panda Group ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៨០ ដោយប្ដីប្រពន្ធពីរនាក់។ មកទល់ពេលនេះអាជីវកម្មរបស់ពួកគេបានរីកដុះដាលដូចផ្សិត ដោយបានបើកដំណើរការសាខារហូតដល់ ២០០០ ទីតាំងនៅទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះបានកើនឡើង ៣ ពាន់លានដុល្លារនេះបើយោងតាមការប៉ាន់ស្មានរបស់ Forbes។

លោក Andrew និងលោកស្រី Peggy ដំបូងឡើយគ្រាន់តែជាសិស្សដែលមកបន្តការសិក្សានៅអាមេរិកតែប៉ុណ្ណោះ ដោយលោក Andrew ជាកូនចៅចិនមានឪពុកជាចុងភៅ ប៉ុន្តែគាត់មិនបានដើរតាមគន្លងឪពុកគាត់នោះទេ។ ពីដំបូងមកគាត់គ្រាន់តែមករៀនផ្នែកគណិតវិទ្យានៅវិទ្យាល័យ Missouri ។ ចំណែកឯលោកស្រី Peggy ដែលមានស្រុកកំណើតនៅប្រទេសមីយ៉ាន់ម៉ានិងធំធាត់នៅហុងកុងបានមកបន្តការសិក្សាផ្នែកជំនាញវិស្វកម្មរហូតបានជួបគ្នានៅពេលសិក្សាថ្នាក់បរិញ្ញាបត្រ។

មុនពេលភោជនីយដ្ឋាន Panda Express ចាប់ផ្ដើមបង្កើតឡើង លោក Andrew បានចំណាយក្នុងពេលរដូវក្តៅរបស់គាត់ធ្វើជាអ្នករត់តុនៅក្នុងហាងចិនមួយកន្លែងក្នុងទីក្រុងញ៉ូយក។ បន្ទាប់មកក្នុងឆ្នាំ ១៩៧៣ បានបើកភោជនីដ្ឋានដោយខ្លួនឯងនៅទីក្រុង Pasadena រដ្ឋ California មានឈ្មោះថា Panda Inn ដោយឪពុករបស់គាត់ធ្វើជាចុងភៅ​។ បន្ទាប់មកនៅឆ្នាំ ១៩៨៣ លោក Peggy បានចូលរួមជាមួយ Andrew ក្នុងជំនួញភោជនីយដ្ឋានហើយអ្នកទាំងពីរបានបើកហាង Panda Express លើកដំបូងនៅក្នុងផ្សារមួយនៅ Glendale រដ្ឋ California ។

ចាប់ពីពេលនោះមក Panda Express បានចាប់ផ្តើមរីកលូតលាស់យ៉ាងឆាប់រហ័សដោយពង្រីកដល់ទៅភោជនីយដ្ឋានចំនួន ៩៧ ទីតាំងក្នុងរយៈពេល ១០ ឆ្នាំ ក្រោមការគ្រប់គ្រងរស់អ្នកទាំងពីរ។ ដោយខណៈនោះលោកស្រី Peggy បានបញ្ចូលជំនាញវិស្វកម្មរបស់ខ្លួនជាមួយនឹងបទពិសោធន៍របស់ Andrew ក្នុងសេវាកម្មម្ហូបអាហារ ដើម្បីសម្រួលដល់ប្រតិបត្តិការ និងសម្ភារៈរបស់ក្រុមហ៊ុន។ លោកស្រីបានត្រួសត្រាយការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការងារដូចជា តាមដានសារពើភ័ណ្ឌ និងគ្រឿងផ្សំ ការកម្ម៉ង់តាមប្រព័ន្ធអេឡិចត្រូនិចដែលជាការអនុវត្តនៅភោជនីយដ្ឋានចិនអាមេរិកផ្សេងទៀតមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។

បច្ចុប្បន្នទោះបីមានវ័យ ៧១ ឆ្នាំពិតមែន តែប្ដីប្រពន្ធរូបនេះនៅតែកាន់កាប់ និងធ្វើប្រតិបត្តិការស្ទើរតែរាល់ទីតាំងរបស់ Panda Express ក្នុងនាមជាសហប្រធាននិងជានាយកប្រតិបត្តិនៃ Panda Express ដែលជាភោជនីយដ្ឋានបែបចិននិងអាមេរិកដែលមានទីតាំងជិត ២០០០ កន្លែងនៅទូទាំងពិភពលោក។ បន្ថែមពីនេះសព្វថ្ងៃហាង Panda Express លក់សាច់មាន់ពណ៌ទឹកក្រូចអស់ចំនួន ៩០ លានផោនជារៀងរាល់ឆ្នាំ ដោយប្ដីប្រពន្ធរូបនេះបានសារភាពកាលពីដើមឡើយគាត់ទាំងពីរនាក់មានបំណងចង់នាំយកយីហោ McDonald’s ទៅកាន់មជ្ឈឹមបូពា៌៕

អត្ថបទ៖ លីនី