ដែលឆ្ងល់អត់? លោក Steve Jobs ជាស្ថាបនិកក្រុមហ៊ុនលំដាប់ពិភពលោក Apple និងជាកំពូលអ្នកច្នៃប្រឌិត តែស្លៀកពាក់ដដែលៗបែបនេះរាល់ថ្ងៃ
បុគ្គលជោគជ័យ December 12, 2019 Chan Sreyny

នៅពេលនិយាយពីបុរសដែលមានខួរក្បាលដ៏អស្ចារ្យខាងបច្ចេកវិទ្យាដែលតែងតែពាក់អាវយឺតពណ៌ខ្មៅ ជាមួយខោខាប៊យខៀវ និងស្បែកជើងប៉ាតា New Balance គេប្រាកដជានឹកដល់ស្ថាបនិកក្រុមហ៊ុនលំដាប់ពិភពលោក Apple លោក Steve Jobs។ អតីតនាយកប្រតិបត្តិរូបនេះតុបតែងខ្លួនបែបនេះជារៀងរាល់ថ្ងៃមិនថានៅទីណា ឬ ក្នុងឱកាសបែបណាក៏ដោយ ព្រោះគាត់យល់ឃើញថាគាត់មិនចាំបាច់ចំណាយពេល និងបង្កើតជម្រើសច្រើនសម្រាប់ខ្លួនឯងដែលត្រូវសម្រេចចិត្តនោះទេ។

អ្វីដែលគាត់ដឹងអំពីការសម្រេចចិត្តដែលមនុស្សភាគច្រើនមិនបានធ្វើនោះគឺ គាត់មិនធ្វើការសម្រេចចិត្តច្រើនដងនោះទេ ព្រោះវាអាចធ្វើឲ្យគាត់បាត់បង់សមត្ថភាពក្នុងការសម្រេច​ចិត្តដ៏ល្អបំផុតមួយ ហើយនៅពេលចំណាយពេលវេលាតិចក្នុងការសម្រេចចិត្តមានន័យថា គាត់មានកម្លាំងខួរក្បាល និងពេលវេលាសម្រាប់អ្វីៗផ្សេងទៀត។ ដោយមនុស្សដែលមានតួនាទីជាអ្នកដឹកនាំ ឬមានកេរ្តិ៍ឈ្មោះត្រូវមានសមត្ថភាពក្នុងការសម្រេចចិត្តសំខាន់ៗ ដូច្នេះតុបតែងខ្លួនបែបនេះអាចធ្វើឲ្យគាត់មានសមត្ថភាពសម្រេចទៅលើរឿងផ្សេង។ ជាពិសេសវាក៏បានក្លាយជាយីហោផ្ទាល់ខ្លួនរបស់គាត់ផងដែរ ដោយគ្រប់ពេលដែលគេរៀបរាប់ពីរូបរាង និងទម្រង់ស្លៀកពាក់បែបនេះគឺប្រាកដជាលោក Steve Jobs។

ជាក់ស្ដែងជារឿងរាល់ថ្ងៃយើងធ្វើការសម្រេចចិត្តជាមួយរឿងជាច្រើន ចាប់ពីក្រោកពីដំណេកភ្លាមយើងត្រូវចាប់ផ្ដើមសម្រេចចិត្តថាតើគួរបិទម៉ោងរោទិ៍ហើយបន្តគេងដែរ ឬទេ? បន្ទាប់ពីនេះតើគួរញ៉ាំអ្វី? ញ៉ាំនៅទីណា? និងមានច្រើនទៀតដែលយើងត្រូវសម្រេចចិត្ត។ នៅពេលនិយាយពីការសម្រេចចិត្តអ្នកអាចគិតថាជារឿងកំប្លែង ព្រោះនៅពេលអ្នកធ្វើវា អ្នកបានចំណាយថាមពលផ្លូវចិត្តជាច្រើន ហើយប្រសិនបើអ្នកធ្វើការសម្រេចចិត្តច្រើនពេកក្នុងរយៈពេលខ្លី​ អ្នកនឹងកាត់បន្ថយសមត្ថភាពក្នុងការសម្រេចចិត្តរបស់អ្នក៕

អត្ថបទ៖ លីនី