ក្រសួងឧស្សាហកម្ម និង រដ្ឋាករស្វយ័តខេត្តសៀមរាប ប្ដេជ្ញាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋឲ្យបាន ១០០% ទូទាំងក្រុងសៀមរាប
សេដ្ឋកិច្ច December 12, 2019 Chan Sreyny

ខេត្តសៀមរាបនឹងមានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបន្ថែមទៀត បន្ទាប់ពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិលទី២ បានដាក់ឲ្យប្រើប្រាសជាផ្លូវការកាលពីដើមសប្ដាហ័កន្លងទៅនេះ ដើម្បជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបានមួយកម្រិត។ ការអះអាងនេះត្រូវបានលើកឡើងដោយ ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​ទឹកវិលទី២ របស់រដ្ឋាករទឹកស្វយ័តខេត្ត​សៀមរាប។

ជាមួយគ្នានេះដែរឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី ព្រមទាំងរដ្ឋាករទឹកស្វយ័តខេត្ត​សៀមរាបបានប្ដេជ្ញាថានឹងបន្តខិតខំប្រឹងប្រែងដើម្បីផ្ដល់សេវាកម្មទឹកស្អាតឲ្យបាន ១០០% ក្នុងក្រុងសៀមរាប ដោយឯកឧត្ដម​បានលេីកនូវគម្រោងមួយចំនួនទៀត​ដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់​។ ក្នុងនោះផងដែរជាលទ្ធផល រដ្ឋាករទឹកស្វ័យតសៀមរាបមានគម្រោងវិនិយោគមួយផ្សេងទៀត ក្រោម​ក្របខ័ណ្ឌឥណទានរបស់អង្គការ JICA ជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ១០៦ លានដុល្លារក្នុង​សមត្ថភាព​ផលិត​ ៦​ម៉ឺន​ម៉ែត្រ​ត្រីគុណ​ក្នុងមួយថ្ងៃ​ ស្ថិតក្នុងសង្កាត់ជ្រាវ​ ខេត្ត​សៀមរាប​ ដោយ​យក​ប្រភព​ទឹក​ពី​បឹង​ទន្លេសាប​។


គួរបញ្ជាក់ផងដែរបច្ចុប្បន្នត្រូវការទឹកស្អាតនៅក្នុងក្រុងសៀមរាបបានកើនឡើងប្រមាណ ៦ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃស្របពេលដែលការផ្គត់ផ្គង់របស់រដ្ឋាករទឹកស្អាតស្វយ័តសៀមរាបមានតែ ៣ ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ដូច្នេះហើយការខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែដេីម្បី​ត្រៀម​ដោះស្រាយ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ និង​បម្រើ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ ដែល​នឹង​មាន​ការ​រីកចម្រើន​កាន់​តែ​ខ្លាំង​ថែមទៀត​នៅឆ្នាំ​បន្តបន្ទាប់​ខាងមុខប៉ុណ្ណោះទេ។

អ្វីដែលជាចំណុចសំខាន់ត្រូវយកចិត្តទិកដាក់គឺ បានកាត់បន្ថយនូវការប្រើប្រាស់ទឹក​ទឹក​ក្រោមដី​ តាមទម្លាប់របស់ប្រជាពលរដ្ឋ​ដោយពុំបាន​ឆ្លងកាត់ប្រពន្ធសម្អាត​ និង​ត្រួត​ពិនិត្យ​គុណភាព​ពីមន្ទីរ​ពិសោធន៍ធ្វេីឲ្យប៉ះពាល់ដល់សុខភាព។ លើសពីនេះគឺ​ការបូមទឹកក្រោមដីកាន់តែច្រេីនដោយ​ម្ចាស់​ទី​តាំង​មួយ​ចំនួន​ និងប្រជាពលរដ្ឋក្នុងក្រុងសៀមរាប​នឹងធ្វេីឲ្យខូចស្រទាប់ទឹកក្រោមដី​ដែលអាចបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទនៃតំបន់អង្គរ​ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃវិសេសវិសាលរបស់ជាតិ៕

អត្ថបទ៖ លីនី