ដើម្បីចូលរួមដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ទូទាំងទីក្រុង ជាពិសេសនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកកស្ទះខ្លាំងឡើងៗនេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមន្ត្រីជំនាញអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យស្ថានភាពស្ថាភាពជាក់ស្ដែងតាមរយៈការធ្វើដំណើរដោយរថភ្លើង។
ការចុះត្រួតពិនិត្យនៅតាមបណ្ដោយផ្លុវរថភ្លើងនេះចាប់ផ្ដើមពីចេញដំណើរពីស្ថានីយ៍រថភ្លើង (មុខរ៉ា) រហូតដល់ស្ថានីយ៍សំរោង ក្នុងគោលបំណងដើម្បីត្រួតពិនិត្យលទ្ធភាពនៃការសាងសង់ផ្លូវអមផ្លុវរទេះភ្លើង ដើម្បីជួយរំដោះការធ្វើសារាចរអ្នកដំណើរពីការកកស្ទះ។ យ៉ាងណាមិញផ្លូវសម្រាប់យានយន្តនៅសងខាងបណ្ដោយផ្លូវរថភ្លើងនេះ នឹងត្រូវបានស្ថាបនាឡើងដោយកន្លែងពោលគឺ កន្លែងខ្លះត្រូវបានស្ថាបនាជាបណ្ដោះអាសន្នរួចមកហើយ ដែលមានមានទទឹង៧ម៉ែត្រទៅ៥ម៉ែត្រហើយក្នុងនោះកន្លែងខ្លះក៏មិនទាន់មានការសាងសង់ផ្លូវដែរដោយនៅជាផ្លូវដីនិងកន្លែងខ្លះប្រជាពលរដ្ឋរស់នៅ៕

អត្ថបទ៖ លីនី


