អាយុត្រឹម ៨ឆ្នាំ ក្លាយជា YouTuber ដែលរកលុយបានច្រើនជាងគេពីការបង្កើតវីដេអូបង្ហាញឧបករណ៍សម្រាប់ក្មេង និងបង្កើតយីហោផ្ទាល់ខ្លួនតម្លៃខ្ទង់ពាន់លានដុល្លារ
អាជីវកម្ម December 11, 2019 Chan Sreyny

ដូចដែលយើងបានដឹងរួចមកហើយក្មេងៗ ដែលមានអាយុក្រោម ១០ឆ្នាំ ភាគច្រើនវក់នឹងរបស់លេងជាច្រើន និងតែងតែទាមទារឲ្យឪពុកម្ដាយពួកគេទិញរបស់ទាំងនោះ។ ដោយឡែកសម្រាប់ក្មេងប្រុសវ័យ ៨ ឆ្នាំម្នាក់ក៏ដូចជាក្មេងទាំងនោះដែរ ប៉ុន្តែមានភ្លាមវ័យឆ្លាតចេះបែកគំនិតទាញយកប្រយោជន៍ពីអ្វីដែលខ្លួនចូលចិត្ត និងបង្កើតប្រាក់រាប់លានដុល្លារក្នុងមួយប៉ព្រិចភ្នែក។

យោងតាមទស្សនវដ្ដី Forbes ក្នុងរបាយការណ៍ដែលរកចំណូលបានច្រើនជាងគេពីយូធូបដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា Ryan Kaji ក្លាយជាតារា YouTube វ័យក្មេងដែលរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោកតាមរយៈឆានែល Ryan ToysReview ដោយចំនួនអ្នក subscribe មានរហូតដល់ ២២ លាននាក់ ហើយអាចរកចណូលបាន ២២ លានដុល្លារក្នុងមួយឆ្នាំពី YouTube។

មុនពេលដែលអាចបង្កើតប្រាក់រាប់លានដុល្លារ ដំបូងឡើយនៅក្នុងឆ្នាំ ២០១៥ ក្មេងប្រុសវ័យ ៨ឆ្នាំរូបនេះបានចាប់ផ្ដើមឆានែល Ryan ToysReview របស់ខ្លួនពីវីដេអូធ្វើបទបង្ហាញពីឧបករណ៍ក្មេងលេង (toy-unboxing) បង្ហោះនៅលើយូធូបរយៈពេល ៥ នាទីម្ដងៗដែលធ្វើឲ្យមនុស្សរាប់លាននាក់ចូលមើលឧបករណ៍ក្មេងលេងតាមអ៉ីនធឺណេត។ បន្ទាប់មកនៅពេលដែលឆានែលនេះទទួលបានអ្នកចូលទស្សនា និងអ្នក subscribe កាន់តែច្រើនឡើងក៏ត្រូវបា​នក្រុមហ៊ុ​នមួយផ្ដល់ឱកាសដើម្បីបង្កើតយីហោឧបករណ៍ក្មេងលេង។

បច្ចុប្បន្ន Ryan ToysReview មិនត្រឹមតែជាយូធូបឆានែលនោះទេ តែវាលើសពីឆានែលយូធូបទៅទៀតដោយពង្រីកខ្លួនតាមរយៈយីហោ Ryan’s World នៅលើកម្មវិធីទូរទស្សន៍ ដែលជាចក្រភពមួយអាចរកចំណូលបានក្រោមជំនួយពីក្រុមហ៊ុនកម្សាន្តកុមារ Pocket.Watch។ ដោយក្រុមហ៊ុននេះបាននាំយកយីហោ Ryan’s World ទៅឲ្យក្រុមហ៊ុន Colgate, Nickelodeon, Bonkers Toys, Roku, និង Walmart ដោយពង្រីក Ryan ពី YouTuber ទៅជាម្ចាស់យីហោដ៏ធំមួយផងដែរ៕

អត្ថបទ៖ លីនី