ថៃ៖ ក្បួនម៉ាស្សារបស់ប្រទេសថៃដូចជា ការពត់ខ្លួន ឆ្អឺង កែងដៃកែងជើង និងម៉ាស្សាបែបការ៉ាតេនឹងអាចត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីដ៏ល្បីល្បាញរបស់អង្គការយូណេស្កូ (UNESCO) ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកិច្ចប្រជុំសម្រេចនៅបូហ្គូតានៅចុងសប្តាហ៍នេះ។ ការម៉ាស្សានៅក្នុងប្រទេសថៃពិតជាមានភាពពេញនិយមសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ហើយមាននៅគ្រប់ទិសទីនៅទូទាំងប្រទេសជាពិសេសតំបន់ដែលពេញនិយម និងសំបូរបែបគឺនៅកោះសាមុយ និងតាមដងផ្លូវនៅប៉ាតាយ៉ា។
ជាមួយគ្នានេះការម៉ាស្សាតាមបែបថៃ ឬ អាចហៅម្យ៉ាងទៀតថា “ម៉ាស្សាយូហ្គារបស់ថៃ” គឺជាប្រព័ន្ធព្យាបាលបែបបុរាណដែលរួមបញ្ចូលគ្នារវាងការព្យាបាលដោយប្រើកាយសម្ព័ន្ធតាមបែបឥណ្ឌា និងតាមបែបយូហ្គា។ បន្ថែមពីនេះការម៉ាស្សាថៃពិតប្រាកដបានចាប់ផ្តើមនៅឆ្នាំ ១៩៦២ ដោយសារការបង្កើតសាលាវត្តផូដែលល្បីល្បាញ ដោយបានបណ្តុះបណ្តាលអ្នកម៉ាស្សាជាង ២០ ម៉ឺននាក់ដែលសព្វថ្ងៃកំពុងបម្រើការនៅ ១៤៥ ប្រទេស ដោយជំនាញមួយនេះបានផ្ដល់ឱកាសការងារយ៉ាងច្រើនសម្រាប់មនុស្សពិការ ឬអ្នកជំពាក់បំណុលគេផងដែរ៕

អត្ថបទ៖ លីនី


