គណៈប្រឹក្សាភិបាលនៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» គ្រោងនឹងចាប់អនុវត្តជំហានទី២ នៃ «គម្រោងការងារសមរម្យសម្រាប់យុវជនក្នុងប្រទេសកម្ពុជា» ក្នុងរយៈពេល ៤ ឆ្នាំទៀតដោយចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣។ ដើម្បីអនុវត្តគម្រោងនេះដែរគណៈប្រឹក្សាភិបាលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៨ លានដុល្លារ ដែលបានមកពីការរួមវិភាគទានរបស់រាជរដ្ឋាភិបាល ភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារចូលរួមរបស់អង្គការសហប្រជាជាតិ និងដៃគូឯកជននានាផងដែរ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៥ ដែលបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលទៅលើលទ្ធផល ដែលសម្រេចបាននៅក្នុងជំហានទី១ ពិភាក្សា និងអនុម័តអំពីជំហានទី២ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ និងដាក់ឲ្យដំណើរការនៃជំហានទី២ ដែលមានរយៈពេល ៤ ឆ្នាំ២០២០-២០២៣។ ខណៈដែលជំហានទី២ នេះត្រូវបានគេរំពឹងទុកថានឹងបន្តរួមចំណែកផ្ដល់ឱកាសដល់យុវជនទាំងបុរស និងស្រ្តីកាន់តែច្រើនទទួលបានការងារសមរម្យ និងប្រកបដោយផលិតភាព ដើម្បីសម្រេចបាននូវរបៀបវារៈអភិវឌ្ឍឆ្នាំ ២០៣០។

ជាពិសេសសម្រេចបាននូវគោលដៅទី៨ «លើកកម្ពស់កំណើនសេដ្ឋកិច្ច ផលិតភាពការងារ និងការងារសមរម្យប្រកបដោយចីរភាព និងបរិយាប័ន សម្រាប់ជនគ្រប់រូប» ដែលស្របទៅនឹងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០-២០៥០ និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។ សូមរំលឹកផងដែរថា ជំហានទី១ នៃគម្រោងរួមគ្នានេះត្រូវបានអនុវត្តក្នុងខែកញ្ញា ឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ដោយជោគជ័យនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានរយ់ៈពេល ២ឆ្នាំ ហើយចំណាយថវិកាសរុបចំនួន ៤,៤៧៨,០០០ដុល្លាអាមេរិក ក្រោមជំនួយគាំទ្រសប្បុរសធម៌ និងការចូលរួមជាយុទ្ធសាស្រ្តពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដោយមានសហការជាដៃគូជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ លីនី


