ថៃខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីទាក់ទាញភ្ញៀវទេសចរវៀតណាមមកកម្សាន្តឲ្យកាន់តែច្រើនថែមទៀត
សេដ្ឋកិច្ច December 11, 2019 Chan Sreyny

យោងតាមទីភ្នាក់ងារសារព័ត៌មានថៃបានឲ្យដឹងថាអាជ្ញាធរទេសចរណ៍ថៃ (TAT) គ្រោងនឹងទាញយកភ្ញៀវទេសចរវៀតណាមមកទស្សនា និងកំសាន្តឲ្យកាន់តែច្រើនថែមទៀត ដោយកន្លងមកតម្លៃជើងហោះហើរត្រង់ពីខេត្តមួយចំនួនរបស់វៀតណាមទៅថៃមានតម្លៃធូរថ្លៃ។ ដោយសារតាំងពីឆ្នាំ ២០១៧ មកប្រទេសថៃបានក្លាយជាគោលដៅទេសចណ៍កំពូលរបស់ជនជាតិវៀតណាម នៅឆ្នាំក្រោយអាជ្ញាធរទេសចរណ៍ថៃគ្រោងនឹងធ្វើជាដៃគូជាមួយទីភ្នាក់ងារទេសចរណ៍តាមអ៉ីនធឺណេតរបស់វៀតណាម TripU, Vietravel និង iVIVU.com ដែលជាគេហទំព័រកក់សណ្ឋាគារដំបូងបង្អស់របស់ប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនជនជាតិវៀតណាមចំនួន​ ៩ លាននាក់បានធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសក្នុងចំណោមប្រជាជន ៩៧ លាននាក់។ ជាមួយគ្នានេះក្នុងចំណោមអ្នកដំណើរទាំងអស់មានចំនួន ១.០៧ លាននាក់បានទៅលេងនៅប្រទេសថៃដោយចំនាយប្រាក់ប្រមាណ ៣៣ ពាន់លានបាត (១.០៧ ពាន់លានដុល្លារ) ទៅក្នុងចំណូលទេសចរណ៍ថៃ។ ហើយក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០១៩ ភ្ញៀវទេសចរវៀតណាមបានកើនឡើងប្រមាណ ៩០០.០០០ នាក់ ដោយចំណាយប្រាក់សរុបប្រមាណ ៣០ ពាន់លានបាត។ យ៉ាងណាមិញប្រទេសថៃនឹងបន្តក្លាយជាទិសដៅដ៏ពេញចិត្តសម្រាប់ភ្ញៀវទេសចរវៀតណាមដែលមានអត្រាកំណើន ២-៣% ដោយសារការចូលដោយមិនចាំបាច់មានទិដ្ឋាការដល់ពលរដ្ឋនៃប្រទេសសមាជិកអាស៊ានក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីការលើកលែងទិដ្ឋាការ៕

អត្ថបទ៖ លីនី