អស់កង្វល់រឿងស្ទះ រឿងគ្រោះថ្នាក់នៅលើផ្លូវធំ ដោយអាជ្ញាធរអប្សារាកំពុងសាងសង់ផ្លូវកង់ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ
សេដ្ឋកិច្ច December 9, 2019 Chan Sreyny

បន្ទាប់ពីផ្ដួចផ្ដើមគំនិតកសាងផ្លូវកង់ក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីចុងសប្ដាហ៍កន្លងទៅនេះអាជ្ញាធរជាតិអប្សរា និងក្រុមអ្នកជំនាញការអាដហុករបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ បានចុះពិនិត្យនៅការដ្ឋានស្ថាបនាផ្លូវកង់ និងទទួលបានការកោតសរសើរពីគំនិតនេះ។ យោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សារាការស្ថាបនាផ្លូវនេះ ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាសម្រួលការធ្វើដំណើរដល់អ្នកទេសចរជិះកង់ រួមទាំងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ។

ជាមួយគ្នានេះនៅក្នុងការចុះទៅត្រួតពិនិត្យ ការកសាង ផ្លូវកង់នេះ ក្រុមអ្នកជំនាញការអាដហុករបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ បានកោតសរសើរជាខ្លាំងទៅលើការបង្កើតថ្មីរបស់យើង និងបានសាទរចំពោះបច្ចេកទេសធ្វើផ្លូវកង់នេះ ដោយសារអាជ្ញាធរជាតិអប្សរាបានគិតគូរច្បាស់ពីការលើកតម្លៃបរិស្ថាន តម្លៃវប្បធម៌ ក៏ដូចជាតម្លៃបេតិកភណ្ឌបែបជនបទ ពិសេសផ្លូវកង់នេះកសាងជាប្រភេទផ្លូវ ស្រាលមិន ប៉ះពាល់ដល់ស្រទាប់ដី និងមានភាពបត់បែនទៅតាមដើមឈើតូចធំជាច្រើន។

សូមបញ្ជាក់ផងដែរថាផ្លូវកង់ក្នុងតំបន់រមណីយដ្ឋានអង្គរនេះ សាងសង់ឡើងក្នុងទិសដៅ ស្របទៅនឹងផ្លូវកៅស៊ូដេលមានស្រាប់ និងឃ្លាតពីផ្លូវកៅស៊ូប្រមាណ២៥ម៉ែត្រ ដោយអាស្រ័យទៅតាមទីតាំងនិងស្ថានភាពដី។ បន្ថែមពីនេះមានទទឹង ២ម៉ែត្រ បណ្ដោយ ២៣គីឡូម៉ែត្រ ចេញពីកន្លែងឆែកសំបុត្រចាស់ កាត់ក្រោយអង្គរវត្តបន្តទៅប្រាសាទក្រវ៉ាន់ កាត់ខាងត្បូងប្រាសាទបន្ទាយក្ដី បត់ទៅខាងជើងប្រាសាទតាព្រហ្ម ឆ្ពោះទៅស្ពានប្រាសាទតាកែវ។

ដោយឡែកចំណែកតំបន់ផ្លូវវង់ធំវិញ គឺចេញដំណើរពីស្រះស្រង់ រហូតដល់ខ្លោងទ្វារដីឆ្នាំង។ បច្ចុប្បន្នផ្លូវកង់កំពុងស្ថិតក្នុងគម្រោងសាកល្បងនៅឡើយ ដោយបានស្ថាបនារួចរាល់ប្រវែង ៣០០ម៉ែត្រ ហើយនឹងបន្តធ្វើទៀតក្រោយពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការ អន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរនាពាក់កណ្ដាលខែធ្នូខាងមុខនេះតទៅ៕

អត្ថបទ៖ លីនី