YouTube គឺជាគេហទំព័រមួយដែលចែករំលែកវីដេអូកំសាន្តផ្សេងៗ ដែលមានអ្នកប្រើប្រាស់ និងចូលទស្សនារាប់រយលាននាក់ក្នុងមួយថ្ងៃៗ ខណៈដែលបច្ចុប្បន្នចំនួនអ្នកដែលបង្កើតវីដេអូ និងរកលុយតាម YouTube ដែលគេស្គាល់ថាជា YouTubers ក៏មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោក ជាពិសេសនៅប៉ែកអឺរ៉ុប។ យ៉ាងណាមិញនៅក្នុងឆ្នាំនេះ YouTube បានបញ្ចេញនូវ YouTubers ជើងខ្លាំង ៥ រូបដែលបានបង្កើតវីដេអូដ៏ពេញនិយមបំផុតដោយទទួលបានអ្នកចូលទស្សនា និងអ្នក subscribe ច្រើនជាងគេហើយអាចរកលុយបានមិនចេះតិចពីវីដេអូទាំងនោះ៖
១. PewDiePie៖ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងតាមរយៈការវីដេអូលេងហ្គេមរបស់គាត់នៅលើយូធូប ហើយអ្នកលេងហ្គេមជនជាតិស៊ុយអ៊ែតរូបនេះស្ថិតនៅកំពូលតារាងនៅក្នុងបញ្ជី Rewind 2019: For the Record របស់យូធូប។ ដោយទទួលបានអ្នក subscribe នៅលើឆានែលរបស់ខ្លួនរហូតដល់ ១០២ លាននាក់ និងអាចរកចំណូលបានពីវីដេអូចំនួន ៦.៥ លានដុល្លារក្នុងមួយខែ។
២.Dude Perfect៖ YouTubers មួយក្រុមនេះត្រូវបានគេស្គាល់ច្រើនតាមរយៈវីដេអូដែលបង្ហាញពីតិចនិកលេងកីឡាអត្តពលិកល្បីៗ ហើយឆានែលបានពង្រីកទៅជាវីដេអូបែបកំប្លែង ដោយក្នុងឆ្នាំនេះចំនួនអ្នក subscribe ឡើងរហូតដល់ ៤៧.៤ លាននាក់ និងរកចំណូលបាន ២.៨ លានដុល្លារក្នុងមួយខែពីយូធូប។
៣.Felipe Neto៖ YouTubers ស្រស់សង្ហារូបនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការបង្កើតវីដេអូបែបកំប្លែង និងវីឌីអូអំពីជីវិតប្រចាំថ្ងៃ ព័ត៌មាន និងតារាល្បីៗជាដើម។ បច្ចុប្បន្នឆានែលរបស់ YouTubers រូបនេះមានអ្នកចូល subscribe ដល់ទៅ ៣៥.១ លាននាក់ ហើយអាចរកចំណូលបានដល់ទៅជាង ៤៥ ម៉ឺនដុល្លារកាលពីខែមុន។

៤.MrBeast៖ ត្រូវបានមហាជនស្គាល់ជាច្រើនតាមរយៈការវីដេអូចំនួនពីរប្រភេទគឺ “Counting to 100,000 in One Video” និង “Last To Remove Hand, Gets Lamborghini Challenge” ដែលទទួលបានអ្នក subscribe ឆានែលរហូតដល់ ២៦.៦ លាននាក់ និងអាចរកចំណូលបានជិត ៧០ ម៉ឺនដុល្លារក្នុងមួយខែ។
.
៥.David Dobrik៖ ទាក់ទាញយុវវ័យយ៉ាងច្រើនតាមរយៈការបង្កើត Vlog Squad ដែលធ្វើឲ្យចំនួនអ្នកចូល subscribe ឆានែលរបស់ YouTubers ដែលមានដើមកំណើតនៅស្លូវ៉ាគីរូបនេះកើនដល់ ១៤.៦ លាននាក់ក្នុងឆ្នាំ ២០១៩ និងអាចរកចំណូលបាន ១.៨ លានដុល្លារក្នុងមួយខែ៕

អត្ថបទ៖ លីនី


