នៅឆ្នាំ ២០២០ ក្រុមហ៊ុន PTT នឹងដំណើរការយីហោថ្មីមួយទៀតបន្ទាប់ពីជោគជ័យយីហោកាហ្វេ ដោយអ្នកទិញ Franchisee ចាយទុនតិចជាងយីហោកាហ្វេ Amazon
អាជីវកម្ម December 9, 2019 Chan Sreyny

ក្រុមហ៊ុន PTT គ្រោងចាប់យកយីហោថ្មីមួយទៀត ដោយបើកដំណើរការអាជីវកម្មមិនមែនប្រេងនៅឆ្នាំ២០២០ ហើយការបើកអាជីវកម្មថ្មីនេះ នឹងដំណើរការតាមរយៈសិទ្ធិអាជីកម្មទាំងនៅក្នុងស្រុក និងក្រៅប្រទេសដោយធ្វើតាមបច្ចេកទេសកាហ្វេ Amazon ដែលជាយីហោកាហ្វេដ៏ល្បីមួយរបស់ក្រុមហ៊ុន។ កន្លងមកអាជីវកម្មមិនមែនប្រេងរបស់ក្រុមហ៊ុនថៃមួយនេះមានដូចជា Jiffy, Texas Chicken, Hua Seng Hong Dim Sum និង Daddy Dough។

បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងបង្កើតគំរូយីហោថ្មីដែលនឹងត្រូវណែនាំនៅឆ្នាំក្រោយ ដោយកាលពីខែវិច្ឆិកាក្រុមហ៊ុនបានប្រកាសបើកដំណើរការសិទ្ធិលក់ប្រភេទភេសជ្ជៈ bubble milk tea ក្រោមយីហោ Pearly Tea នៅដើមឆ្នាំ ២០២០ ដែលបច្ចុប្បន្នសិទ្ធិផ្ដាច់មុខយីហោនេះមានតែ ២៥ កន្លែងប៉ុណ្ណោះ។ យោងតាមនាយកគ្រប់គ្រងផ្នែកប្រតិបត្តិការអាជីវកម្មម្ហូបអាហារនិងភេសជ្ជៈ (PTTRM) បានឲ្យដឹងថាសិទ្ធិអាជីវកម្មថ្មីនេះទាមទារការវិនិយោគតិចជាហាងកាហ្វេ Amazon ដោយអ្នកទិញ Franchisee ម្នាក់ៗនឹងត្រូវវិនិយោគទឹកប្រាក់ ៨០០,០០០ ទៅ ១,១ លានបាតក្នុងមួយហាង ស្មើនឹងជាង ២៦,០០០ ដុល្លារ ទៅជាង ៣៦,០០០ ដុល្លារក្នុងមួយហាង។

ខណៈដែលកន្លងមកយីហោកាហ្វេ Amazon ត្រូវការទឹកប្រាក់វិនិយោគពី ២ ទៅ ៧ លានបាត ស្មើនឹងជាង ៦៥,០០០ ដុល្លារទៅជាង ២៣០,០០០ ដុល្លារក្នុងមួយហាង។ បច្ចុប្បន្នយីហោកាហ្វេ Amazon បានពង្រីកសាខាប្រមាណជា ៣២០០ សាខានៅទូទាំងទ្វីបអាស៊ី រួមទាំងសាខានៅអូម៉ង់ សិង្ហបុរី និងជប៉ុន បន្ទាប់ពីបើកដំណើរការនៅឆ្នាំ ២០០១ ហើយយីហោហាងកាហ្វេនេះបម្រើអតិថិជនប្រមាណ ២.៤ លាននាក់ក្នុងមួយឆ្នាំនៅតាមសាខានីមួយៗ។ យ៉ាងណាមិញចំពោះការបើកដំណើរការយីហោថ្មីនេះក្រុមហ៊ុនកំពុងរង់ចាំការយល់ព្រមពីក្រសួងចំនួនពីរ គឺក្រសួងហិរញ្ញវត្ថុ និងក្រសួងថាមពល ដោយសារក្រុមហ៊ុនមេ PTT គឺជាសហគ្រាសរបស់រដ្ឋ៕

អត្ថបទ៖ លីនី