អគ្គិសនីកម្ពុជាកំពុងពន្លឿនការសាងសាង់ រោងចក្រផលិតអគ្គិសនី ៤០០ មេហ្គាវ៉ាត់នៅខេត្តកណ្ដាល ដើម្បីត្រៀមផ្គត់ផ្គង់អគ្គិសនីក្នុងក្រុងភ្នំពេញឲ្យបានគ្រប់គ្រាន់នៅរដូវប្រាំង
សេដ្ឋកិច្ច December 9, 2019 Chan Sreyny

យោងតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃអគ្គិសនីកម្ពុជាបានឲ្យដឹងថា រោងចក្រផលិតអគ្គិសនី ៤០០ មេហ្គាវ៉ាត់ថ្មីកំពុងសម្រុកសាងសង់ទាំងថ្ងៃទាំងយប់ ដើម្បីអាចបញ្ចេញថាមពលចូលបណ្ដាញជាតិតាមផែនការកំណត់នៅពាក់កណ្ដាលឆ្នាំ ២០២០។ ខណៈដែលម៉ាស៊ីនភ្លើងសម្រាប់ដំឡើង ក្នុងរោងចក្រផលិតអគ្គិសនី ៤០០ មេហ្គាវ៉ាត់ថ្មីនេះ បានដឹកមកដល់ទីតាំងរោងចក្រជាបណ្ដើរៗហើយ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» កាលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាចំពោះការរៀបចំដំឡើងម៉ាស៊ីនផលិតថាមពលអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនី ក្នុងរាជធានីភ្នំពេញ តាមការគ្រោងទុកអាចនឹងរួចរាល់ ក្នុងខែមេសាខាងមុខ ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនីក្នុងទីក្រុងភ្នំពេញ និងធានាថា ក្នុងទីក្រុងភ្នំពេញ មិនជួបបញ្ហាខ្វះអគ្គិសនីតទៅទៀត។

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះអគ្គិសនីកម្ពុជា និងក្រុមហ៊ុនCGGC-UN POWER Co,Ltd និង ក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION បានចុះហត្ថលេខា លើកិច្ចសន្យាសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយប្រេង (HFO) និងឧស្ម័ន (LNG) អនុភាព៤០០មេហ្ការ៉ាត់ ដោយរំពឹងអាចផលិតអគ្គិសនី ដែលមានអានុភាព៤០០មេហ្គាវ៉ាត់។ ដោយគម្រោងទាំងពីរនេះចែក​ចេញពីរផ្នែកនឹងប្រើប្រាស់ទឹកប្រាក់វិនិយោគប្រមាណ ៤០០ លានដុល្លារអាមេរិក។ ក្នុងនោះផ្នែកទី១ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន Wartsila របស់ប្រទេសហ្វាំងឡង់ សាងសង់ដោយក្រុមហ៊ុន CGGC-UN Power.co.ltd និងផ្នែកទី២ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន MAN របស់ប្រទេសអាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION ៕

អត្ថបទ៖ លីនី