វិស័យសំណង់ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្ដម្ភទាំងបួនដែលគាំទ្រដល់សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ដោយក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០១៩ នេះវិស័យសំណង់បានទាក់ទាញវិនិយោគសរុប ៨.៧ ពាន់លានដុល្លារអាមេរិក កើនឡើង៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះបច្ចុប្បន្នមានក្រុមហ៊ុនសំណង់ចំនួន ១០៨១ ក្នុងនោះមានក្រុមហ៊ុនអភិវឌ្ឍន៍បរទេសចំនួន ៤៨៥ កំពុងប្រតិបត្តិការនៅក្នុងប្រទេស។
របាយការណ៍នេះត្រូវបានផ្សព្វផ្សាយឲ្យដឹងនៅក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី ៨ បស់សមាគមអ្នកសាងសង់ និងសម្ពោធបើកការតាំងពិព័រណ៌ឧស្សាហកម្មសំណង់អន្តរជាតិ ដែលបានរៀបចំឡើងនាថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីបានមានប្រសាសន៍ថា “ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មសំណង់ពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនទៅលើស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ” ។ យ៉ាងណាមិញនៅក្នុងការកើនឡើងវិស័យសំណង់យ៉ាងឆាប់រហ័សនេះ ប្រទេសចិនត្រូវបានចាត់ចំណាត់ថ្នាក់ជាវិនិនយោគិនបរទេសកំពូលនៅក្នុងវិស័យសំណង់របស់កម្ពុជា ដោយការវិនិយោគចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

អត្ថបទ៖ លីនី


