បន្ទាប់ពីប្រកាសចំណាយថវិកាចំនួន ៦.៥ ពាន់លាតបាត ពង្រីកទំហំអាជីវកម្មរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេសនៅឆ្នាំក្រោយ ក្រុមហ៊ុន Big C Supercenter គ្រោងនឹងបើកផ្សារទំនើប Big C ចំនួន ៥ ទៅ ៦ ទីតាំងទៀតនៅភ្នំពេញ និងសៀមរាបក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ យោងតាមសម្ដីរបស់នាយកប្រតិបត្តិក្រុមហ៊ុននេះបានដឹងថា ចាប់ពីឆ្នាំក្រោយទៅក្រុមហ៊ុននឹងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មលក់រាយនៅក្រៅប្រទេសដោយផ្តោតលើប្រទេសកម្ពុជា ឡាវមីយ៉ាន់ម៉ា និងវៀតណាមដែលជាប្រទេសមានសេដ្ឋកិច្ចរឹងមាំ។
គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះក្រុមហ៊ុនផ្គត់ផ្គង់ទំនិញដ៏ធំមួយក្នុងប្រទេសថៃនេះ បានបើកដំណើរការជាផ្លូវការនូវផ្សារទំនើប Big C ក្នុងក្រុងប៉ោយប៉ែតដោយចាយទុនប្រមាណ ៣០០ លានបាតបានយ៉ាងជោគជ័យ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ។ ហើយបន្ទាប់ពីការបោះជំហានដំបូងចូលមកកម្ពុជាបានយ៉ាងជោគជ័យ និងមើលឃើញពីតម្រូវការទីផ្សារ ក៏ដូចជាសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់ក្រុមហ៊ុននឹងពង្រីកខ្លួនបន្ថែមទៀតដើម្បីបំពេញតម្រូវការ និងចូលរួមបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាផងដែរ៕


អត្ថបទ៖ លីនី


