ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ ២០១៩ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំបំផុតរបស់កម្ពុជាបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ដែលជាអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ អ្នកស្វែងរកដៃគូ ដើម្បីវិនិយោគ និងអភិវឌ្ឍន៍ ម្ចាស់រោងចក្រផលិតផលសម្ភារៈសំណង់ និងធុរកិច្ចជនលើវិស័យសំណង់រាប់សិបនាក់មកពីប្រទេសចិន។ ពិព័រណ៍រយៈពេល ៣ ថ្ងៃដែលរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រចាប់ពីថ្ងៃទី៥-៧ ខែធ្នូ បានប្រមូលផ្ដុំក្រុមហ៊ុនចំនួន ២០៧ មកពីប្រទេសនានាលើពិភពលោកហើយអ្នកចូលរួមរាប់សិបនាក់មកពីប្រទេសចិន។
ក្នុងព្រឹត្តិការណ៍នោះផងដែរថាស្តង់ពិព័រណ៍សរុបទាំងអស់មានចំនួន ៣០៥ ស្តង់ជាមួយការដាក់បង្ហាញផលិតផលដែលទាក់ទងនឹងឧស្សាហកម្មសំណង់ជិត ១០០០ ប្រភេទដើម្បីបង្ហាញដល់អ្នកសាងសង់ និងអតិថិជនក្នុងការស្វែងរកផលិតផលដែលមានគុណភាព។ ក្រៅពីនេះក៏មានទាំងសេវាលក់អចលនទ្រព្យ ផ្ទះសម្បែង សេវាធនាគារ ធានារ៉ាប់រង សេវាកម្ចីប្រាក់សម្រាប់ទិញផ្ទះ និងកិច្ចការវិនិយោគផ្សេងៗ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ទំនើបៗដែលបាននាំចូលពីបណ្តាប្រទេសជាច្រើនលើពិភពលោកដូចជា ការតម្លើងប្រព័ន្ធទឹក អគ្គីសនី ម៉ាស៊ីនត្រជាក់ កាម៉េរ៉ាសុវត្ថិភាពជាដើម -ល-។ គួរបញ្ជាក់ផងដែរថាយោងតាមប្រសាសន៍របស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ពិព័រណ៍នេះ គឺជាកន្លែងសម្រាប់ក្រុមហ៊ុនបង្ហាញផលិតផលរបស់ពួកគេ និងស្វែងរកដៃគូអាជីវកម្ម៕




អត្ថបទ៖ លីនី


