ដើម្បីកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងសិក្សាពិសេសមួយចំនួនដោយ ផ្លូវមួយចំនួននឹងត្រូវដាក់ជាផ្លូវឯកទិស (ផ្លូវធ្វើដំណើរសម្រាប់តែមួយទិស) ផ្លូវខ្លះហាមមិនឲ្យចតយានយន្ត និងផ្លូវខ្លះទៀតប្រើសម្រាប់តែរថយន្តក្រុងប៉ុណ្ណោះ។ បន្ថែមពីនេះគណៈកម្មការធិការក៏នឹងសិក្សាបង្កើតគន្លងផ្លូវពិសេសសម្រាប់រថយន្តក្រុងសាធារណៈផងដែរ។
នៅក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តក្នុងទីប្រជុំជន ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ដើម្បីជាការចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ JICA បានជួយបំពាក់ភ្លើងស្តុបឆ្លាតវៃ ដែលជាភ្លើងស្តុបមានសមត្ថភាពពន្យាពេលបន្ថែមដោយខ្លួនឯង សម្រាប់កន្លែងដែលមានការកកស្ទះខ្លាំង។ ក្រៅពីនេះសាលារាជធានីភ្នំពេញក៏បានបង្កើនរថយន្តក្រុងចំនួន ១៣៥ គ្រឿង ដែលមានមនុស្សជិះចំនួន ១៥,០០០ នាក់ក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណាក្ដីដើម្បីកាត់បន្ថយការកកស្ទះបានទាំងស្រុង ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរនៅតាមដងផ្លូវត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ពោលគឺឈប់ឲ្យបានត្រឹមត្រូវតាមគន្លងរបស់ខ្លួន បើកបរត្រូវមានការប្រុងប្រយ័ត្ន កុំវ៉ាជែងក្នុងផ្លូវចង្អៀត និងកុំបំពានភ្លើងសញ្ញាចរាចរណ៍ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង អ្នកដទៃ និងបង្កឲ្យកើតមានបញ្ហាកកស្ទះចររារណ៍ផងដែរ។ គួរបញ្ជាកផងដែរថាយោងតាមប្រសាសន៍របស់ឯកឧត្តម បានឲ្យដឹងចំនួនយានយន្តក្នុងទីក្រុងភ្នំពេញមានចំនួនប្រហែល ១.៨ លានគ្រឿង ក្នុងនោះជាងកន្លះលានគ្រឿងជារថយន្ត ហើយជិត ៤០,០០០ គ្រឿងជាប្រភេទរ៉ឺម៉ក់កង់បី និងចំនួនដែលនៅសល់គឺម៉ូតូ៕

ប្រភព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន
អត្ថបទ៖ លីនី


