ចោលតំណែងអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យនៅ Wall Street មកបើកហាងអាហារធម្មតាៗ ទទួលបានជោគជ័យលើសពីការរំពឹងទុក
អាជីវកម្ម December 6, 2019 Chan Sreyny

នៅពេលសួរមនុស្សជាច្រើនពីគោលដៅជីវិតទៅថ្ងៃអនាគតម្ដងៗ ចម្លើយដែលទទួលបានគឺបញ្ចប់ការសិក្សា ហើយមានការងារនឹងធឹងមួយសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងខ្លួនឯង។ ប៉ុន្តែសម្រាប់សហគ្រិនថ្មីថ្មោង Steven Marks ការគិតរបស់មនុស្សទាំងនោះមិនមែនជាការពិតនោះទេ ដោយគាត់បានបោះបង់ចោលការងារនៅទីផ្សារហិរញ្ញវត្ថុអាមេរិក Wall Street ក្នុងនាមជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យមកចាប់ផ្ដើមបង្កើតក្ដីសុបិន្តខ្លួនឯងបង្កើតយីហោមួយបានយ៉ាងជោគជ័យនៅអូស្រ្តាលី។

បន្ទាប់ពីចាកចេញពី Wall Street ១៧ឆ្នាំក្រោយមកលោក Steven Marks គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Guzman y Gomez ដែលជាហាងអាហាររហ័សបែបម៉ិកស៊ីកូដោយមានដើមកំណើតនៅប្រទេសអូស្រ្តាលី។ គាត់បានចាប់ផ្ដើមអាជីវកម្មនេះនៅក្នុងឆ្នាំ ២០០៦ នៅទីក្រុងស៊ីដនីដោយចៃដន្យព្រោះដំបូងឡើយសហគ្រិនរូបនេះមានផែនការបើកសណ្ឋាគារនៅតំបន់ឆ្នេរ ប៉ុន្តែនៅពេលចាប់ផ្ដើមដំណើរផែនការក៏ជំពប់លើគំនិតបើកហាងអាហារនេះឡើង។

ដោយសារយល់ច្រើនពីរសនិយមរបស់ប្រជាជននៅអូស្រ្តាលី ដែលចូលចិត្តទទួលទានអាហារប្រទេសម៉ិកស៊ីកូ ទាំង​ដែលពួកគេមិនស្គាល់ថាជាអ្វី Marks ក៏បានសម្រេចចិត្តវិនិយោគលើវិស័យម្ហូបអាហារដោយប្រើប្រាក់ដែលគាត់សន្សំបានពី Wall Street បង្កើតយីហោអាហាររហ័សដែលជឿជាក់ថាវាមិនអាចបរាជ័យនោះទេ។ ការបង្កើតហាងនេះគាត់បានជ្រើសរើសបុគ្គលិកល្អបំផុតមកពីភោជនីយដ្ឋានអាមេរិកឡាទីន ហើយបាននាំមេចុងភៅមកពីម៉ិចស៊ីកូ ដើម្បីផ្ដល់រសជាតិដើមដល់អតិថិជនរបស់គាត់ ក៏ដូចជាការកសាងគ្រឹះដ៏រឹងមាំមួយ ព្រោះវិស័យម្ហូបអាហារចំណុចដែលសំខាន់បំផុតនោះគឺរសជាតិ បន្ទាប់មកសេវាកម្ម។

បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងតំបន់ និងក្នុងប្រទេសបច្ចុប្បន្នម្ចាស់ហាងអាហារបែបម៉ិកសិកមួយនេះពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់ ១១៥ ទីតាំងទូទាំងប្រទេសអូស្ត្រាលី សិង្ហបុរី និងជប៉ុន។ ហើយថែមទាំងបានចុះកិច្ចព្រមព្រៀងចូលហ៊ុនជាមួយក្រុមហ៊ុន McDonald’s Australia និងបើកដំណើរភោជនីយដ្ឋានក្នុងទីក្រុងឈីកាហ្គោនៅដើមឆ្នាំ ២០២០ ផងដែរ៕

អត្ថបទ៖ លីនី