ប្រទេសវៀតណាមគឺ ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ដែលងាយរងគ្រោះបំផុតពីការផ្លាស់ប្ដូរអាកាសធាតុ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ហានិភ័យអាកាសធាតុឆ្នាំ ២០២០ (CRI)។ នៅក្នុងរបាយការណ៍ដែលបានប្រកាសនៅក្នុងសន្និសីទលើកទី២៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ប្រទេសវៀតណាមបានធ្លាក់ចុះពីចំណាត់ថ្នាក់ទី៩ តាំងពីឆ្នាំ១៩៩៨ មកចំណាត់ថ្នាក់ទី៦ ក្នុងឆ្នាំ២០១៨ ជាប្រទេសងាយរងគ្រោះជាសកល។
ជាមួយគ្នានេះដែរក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ប្រទេសវៀតណាមបានរាយការណ៍អំពីព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរចំនួន ២២៦ ករណីដែលបានសម្លាប់មនុស្សជាមធ្យមប្រមាណ ២៨៥ នាក់ក្នុងមួយឆ្នាំ និងបង្កការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំចំនួន ២ ពាន់លានដុល្លារផងដែរ។ បន្ថែមពីនេះរបាយការណ៍បានឲ្យដឹងថាប្រទេសព័រតូរីកូស្ថិតនៅលំដាប់កំពូលដដែល ខណៈដែលមីយ៉ាន់ម៉ាតាមពីក្រោយជាមួយហៃទី ហ្វីលីពីន ប៉ាគីស្ថាន និងវៀតណាម។

គួរបញ្ជាក់ផងដែរថាសន្ទស្សន៍ហានិភ័យអាកាសធាតុពិភពលោករបស់អាឡឺម៉ង់ គឺជាការវិភាគផ្អែកលើសំណុំទិន្នន័យគួរឲ្យទុកចិត្តបំផុតមួយដែលអាចរកបានលើផលប៉ះពាល់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង និងទិន្នន័យសេដ្ឋកិច្ចសង្គមដែលជាប់ទាក់ទង។ សន្ទស្សន៍ហានិភ័យអាកាសធាតុអាឡឺម៉ង់ឆ្នាំ ២០២០ គឺជាការចេញផ្សាយលើកទី ១៥ នៃរបាយការណ៍ដោយមានគោលបំណង ដើម្បីពិភាក្សាអំពីបរិបទអាកាសធាតុដែលកំពុងបន្តកើតមាន ជាពិសេសការចរចាអំពីអាកាសធាតុអន្តរជាតិដោយពិនិត្យមើលផលប៉ះពាល់ពិភពលោកជាក់ស្តែងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនិង ២០ ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ លីនី


