ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជននាថ្ងៃទី ៥ ខែធ្នូ ២០១៩ បានឲ្យដឹងថានៅក្នុងឆ្នាំ ២០២០ ខាងមុខនេះក្រសួងនឹងបើកការដ្ឋានស្ថាបនាឡើងវិញផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ២២។ ការបើកដំណើរការសាងសង់នេះគឺស្របគ្នាទៅនឹងការរៀបចំដាក់សម្ភោធឲ្យដំណើរការជាផ្លូវការនូវផ្លូវជាតិលេខ ២១ ពីក្រុងតាខ្មៅ ទៅកោះធំ។ ដោយឯកឧត្តមបានបញ្ជាក់ថាដោយសារនៅពេលនេះគ្រឿងចក្របានមកដល់ជាបណ្ដើរៗ ហើយថវិកាក៏មានគ្រប់គ្រាន់ គម្រោងស្ថាបនាផ្លូវនេះគឺរង់ចាំតែពេលសមស្របមួយដើម្បីស្នើសុំសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះបើកការដ្ឋានជាផ្លូវការតែប៉ុណ្ណោះ។
គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នេះមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ដែលនឹងចំណាយថិវកាប្រមាណ ៥៦ លានដុល្លារអាមេរិកក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៨.៥ លាដុល្លារ។ ចំពោះគម្រោងនេះដែរនឹងឆ្លងកាត់រាជធានី-ខេត្តចំនួន ៣ រួមមានខេត្តកណ្ដាល រាជធានីភ្នំពេញ និងខេត្តតាកែវ ដោយធ្វើការបែងចែកជា ៣កំណាត់ផ្លូវធំៗមានដូចជា៖ កំណាត់ទី១ ចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តីបីកួរស្រូវ ពង្រីកពី ២ គន្លងទៅ ៤ គន្លង។ ជាមួយគ្នានេះកំណាត់ទី២ ចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ និងកំណាត់ទី៣ ចេញពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ ២២)៕
អត្ថបទ៖ លីនី


