រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្លាស្ទិក និងកុំតម្លើងថ្លៃសេវាកម្មក្នុងពិធីបុណ្យសមុទ្រនៅកំពតឆ្នាំនេះ
សេដ្ឋកិច្ច December 6, 2019 Chan Sreyny

កំពត៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវទៅកាន់គ្រប់ផ្នែកទាំងអស់ដែលចូលរួមរៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពតនាចុងឆ្នាំ២០១៩ ខាងមុខក៏ដូចជាអាជីវករ​ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋផងត្រូវចូលរួមកាត់បន្ថយការប្រើប្រាសប្លាស្ទិកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍នេះប្រកបដោយភាពស្អាត និងបៃតង។

ការប្រកាសអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តីត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកាលពីថ្ងៃទ០៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាលខេត្តកំពត និងមន្រ្តីរាជការជាច្រើននាក់ផងដែរ។ ក្នុងពិធីបុណ្យសមុទ្ររយៈពេល ៣ ថ្ងៃដែលមានកម្មវិធីកំសាន្តជាច្រើន ឯកឧត្តមរដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍ដល់គ្រប់អនុគណៈកម្មការឲ្យត្រូវចូលរួមគិតគូរលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ការយកចិត្តទុកដាក់លើការថែរក្សាអនាម័យ បរិស្ថាន ក៏ដូចជាការទុកដាក់វេចខ្ចប់ និងប្រមូលសំរាមឲ្យបានទាន់ពេល កុំឲ្យមានហៀរធ្លាក់ចេញពីធុងសំរាម។

ក្រៅពីនេះចំពោះអាជីវករត្រូវរៀបចំស្ដង់ជូនពួកគាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសត្រូវណែនាំពួកគេឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំឱ្យមានក្រដាសធ្លាក់ក្រោមតុ ចំណីអាហារដែលលក់ជូនភ្ញៀវក៏ត្រូវមានអនាម័យ និងសុវត្ថិភាព។ លើសពីនេះ ត្រូវណែនាំឱ្យពួកគាត់ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ហើយអ្វីដែលសំខាន់ជាងនេះនៅតាមសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូនានា ក៏ត្រូវបង្កើនការទទួលបដិសណ្ឋារកិច្ច សន្តិសុខ សណ្ដាប់ សុវត្ថិភាពជូនភ្ញៀវទេសចរ ពិសេសសូមកុំដំឡើងថ្លៃសវាកម្មរបស់ខ្លួនហួសហេតុពេក និងត្រូវរក្សាគុណភាពសេវាកម្មឱ្យបានល្អជានិច្ច។

គួរបញ្ជាក់ផងដែរថាពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» រយៈពេលថ្ងៃ៣ថ្ង ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។ ជាមួយគ្នានេះឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការជឿជាក់ថា « ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នាចុងឆ្នាំ២០១៩ ខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាមិនតិចជាង៥០ម៉ឺននាក់ឡើយ »៕